នាយករដ្ឋមន្ត្រីកាតា និងគណៈប្រតិភូទួរគី នឹងចូលរួមជាមួយក្រុមហាម៉ាស និងក្រុមអ្នកចរចាអ៊ីស្រាអែល នៅប្រទេសអេហ្ស៊ីប ក្នុងថ្ងៃពុធ (៨ តុលា) នេះ សម្រាប់កិច្ចពិភាក្សាថ្ងៃទី៣ ក្នុងគោលបំណងបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមអាយុកាល ២ឆ្នាំនៅតំបន់ហ្កាហ្សា។

អ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងធ្វើការចរចាដោយប្រយោលនៅក្នុងទីក្រុងរមណីយដ្ឋានអេហ្ស៊ីប Sharm El-Sheikh ដោយផ្អែកលើផែនការសន្តិភាព ២០ចំណុច ដែលស្នើឡើងដោយលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីខែមុន។
នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani ប្រមុខចារកម្មទួរគី លោក Ibrahim Kalin និងប្រេសិតពិសេសមជ្ឈិមបូព៌ារបស់អាមេរិក គឺលោក Steve Witkoff រួមទាំងអ្នកផ្សេងទៀត នឹងត្រូវចូលរួមកិច្ចពិភាក្សានេះ។ លោក Trump បានប្ដេជ្ញាថា សហរដ្ឋអាមេរិកនឹងធ្វើ "គ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីឱ្យប្រាកដថា គ្រប់គ្នាប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀង" ប្រសិនបើក្រុមហាម៉ាស និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់។
ប្រភពប៉ាឡេស្ទីនស្និទ្ធនឹងក្រុមចរចាហាម៉ាស បាននិយាយថា សម័យប្រជុំកាលពីថ្ងៃអង្គារ រួមមានការពិភាក្សារបស់ក្រុមហាម៉ាស អំពី "ផែនទីដំបូងដែលភាគីអ៊ីស្រាអែលបង្ហាញ ទាក់ទងនឹងការដកទ័ពចេញ ក៏ដូចជាយន្តការ និងកាលវិភាគសម្រាប់ការផ្លាស់ប្តូរចំណាប់ថ្នូរ-អ្នកទោស”។ ប្រមុខអ្នកចរចាហាម៉ាស លោក Khalil El-Hayya បាននិយាយថា ក្រុមអ៊ិស្លាមនិយមមួយនេះចង់បាន "ការធានាពីប្រធានាធិបតី Trump និងប្រទេសពាក់ព័ន្ធថា សង្រ្គាមនឹងបញ្ចប់ទាំងស្រុង"៕

