អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ (៧ តុលា) បានព្រមានថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប នៅតែបន្តឥតឈប់ឈរបណ្តាលឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិត និងការបំផ្លិចបំផ្លាញរៀងរាល់ថ្ងៃ ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ប្រឈមនឹងការរឹតបន្តឹងកាន់តែលំបាក និងបញ្ហាប្រឈមក្នុងការចូលទៅកាន់ទីតាំងចែកចាយ។

ដោយសម្អាងដល់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានរាយការណ៍ថា "ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល រួមទាំងការវាយប្រហារតាមអាកាស និងការបាញ់ផ្លោង បានបន្តនៅទូទាំងផ្នែកជាច្រើននៃតំបន់ហ្កាហ្សា បណ្តាលឱ្យជនស៊ីវិលស្លាប់ និងរបួសកាន់តែច្រើន ការភៀសខ្លួនរីករាលដាល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ”។
លោកបានសង្កត់ធ្ងន់ថា ជនស៊ីវិល "បន្តទទួលរងនូវអរិភាព ការបំផ្លិចបំផ្លាញ និងការជម្លៀសខ្លួនដ៏ច្រើនលើសលប់ ជាមួយនឹងស្ត្រី និងកុមារី ស្ថិតក្នុងចំណោមជនមានហានិភ័យខ្លាំងបំផុត"។ ស្ថានភាពសុខភាពសម្រាប់អ្នកស្រុកប៉ាឡេស្ទីន កំពុងស្ថិតក្នុងដំណាក់កាលគួរឱ្យបារម្ភ ដោយសារកង្វះខាតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃបាននាំឱ្យមានការរីករាលដាលនៃជំងឺ រួមជាមួយនឹងកង្វះខាតទឹកផឹក និងស្បៀងអាហារមានកម្រិត។
អាជ្ញាធរសុខាភិបាលរបស់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងវេជ្ជសាស្រ្ត បានបង្ខំឱ្យមន្ទីរពេទ្យ ២៥កន្លែង ក្នុងចំណោមចំនួនសរុប ៣៨ទីតាំងនៃតំបន់នោះ ត្រូវបិទសេវាកម្ម។ អាជ្ញាធរនេះបន្តថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ មនុស្សចំនួន ៤៦០នាក់ បានស្លាប់ដោយសារភាពអត់ឃ្លាន ឬកង្វះអាហារូបត្ថម្ភ ក្នុងនោះមានកុមារដល់ទៅជាង ១៥០នាក់៕

