ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូ បាននិយាយថា ប្រទេសរុស្ស៊ី និងឥណ្ឌា បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នានៅក្នុងរដ្ឋ រាជស្ថាន (Rajasthan) ភាគពាយ័ព្យនៃប្រទេសឥណ្ឌា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម។

ក្រសួងដដែលបាននិយាយថា សមយុទ្ធរុស្ស៊ី-ឥណ្ឌា ដាក់ឈ្មោះថា អ៊ីនដ្រា២០២៥ (Indra 2025) កំពុងប្រព្រឹត្តទៅនៅកន្លែងហ្វឹកហ្វឺន Mahajan ក្នុងរដ្ឋរាជស្ថាន ហើយនឹងបន្តរហូតដល់ថ្ងៃទី១៥ ខែតុលា។ ក្រសួងបន្តថា "គោលដៅសំខាន់នៃសមយុទ្ធនេះគឺផ្ដោតលើការរួបរួមនៃអង្គភាពរបស់ប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម រួមទាំងភាពល្អឥតខ្ចោះនៃយុទ្ធសាស្ត្រប្រតិបត្តិការប្រឆាំងភេរវកម្ម"។
ក្រសួងបន្ថែមថា "ការយកចិត្តទុកដាក់ជាពិសេសនឹងត្រូវបានដាក់លើការបង្កើនប្រតិបត្តិការនៃអង្គភាព និងការផ្លាស់ប្តូរការអនុវត្តល្អបំផុត នៅក្នុងបរិបទនៃសង្គ្រាមទំនើប"។ គួរឱ្យដឹងថា រុស្ស៊ី និងឥណ្ឌា តែងតែធ្វើសមយុទ្ធជើងគោករួមគ្នារៀងរាល់ពីរឆ្នាំម្តង ដោយឆ្លាស់គ្នាធ្វើជាម្ចាស់ផ្ទះ។ សមយុទ្ធពីមុនបានធ្វើឡើងក្នុងឆ្នាំ ២០២១-២០២២៕

