មាសបានបន្តហក់ឡើងដល់តម្លៃ ៤.០០០ដុល្លារ ក្នុងមួយអោន ដែលបានឈានដល់កំណត់ត្រាដ៏ប្រវត្តិសាស្រ្តមួយ ក្នុងថ្ងៃពុធ (៨ តុលា) នេះ ដោយសារតែវិនិយោគិនសកលកំពុងស្វះស្វែងរកទីជម្រកសុវត្ថិភាព ក្រោមភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ រួមជាមួយនឹងការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតដោយធនាគារកណ្តាលអាមេរិក។

តម្លៃមាសចរាចរលើទីផ្សារអន្តរជាតិ ឬហៅថា Spot Gold បានកើនឡើង ០,៧% នៅតម្លៃ ៤.០១១,១៨ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល ០៣:០០នាទីទៀបភ្លឺថ្ងៃពុធនេះ។ តម្លៃមាសរបស់សហរដ្ឋអាមេរិក សម្រាប់ការចែកចាយខែធ្នូ ក៏បានកើនឡើង ០,៧% ផងដែរដល់តម្លៃ ៤.០៣៣,៤០ដុល្លារ ក្នុងមួយអោន (មួយអោន Oz ទម្ងន់ប្រហែលជាង ២៨ក្រាម) ។
ជាទម្លាប់ មាសត្រូវបានគេមើលឃើញថាជាឃ្លាំងទ្រព្យសុវត្ថិភាពដ៏មានតម្លៃ ក្នុងអំឡុងពេលនៃអស្ថិរភាពសកល។ ដោយជាទ្រព្យសកម្មដែលដំណើរការល្អបំផុតនៅឆ្នាំ២០២៥នេះ មាសបានកើនឡើងសរុប ៥៣% មកហើយធៀបនឹងឆ្នាំមុន បន្ទាប់ពីកំណើន ២៧% ពេញមួយឆ្នាំ២០២៤។
តម្លៃមាសត្រូវបានជំរុញដោយកត្តាចម្រុះជាច្រើន រួមទាំងការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក ភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងសេដ្ឋកិច្ចដែលកំពុងបន្តទូទាំងពិភពលោក ការធានាទិញចូលវិញដោយធនាគារកណ្តាល លំហូរចូលទៅក្នុងមូលនិធិប្តូរមាស និងប្រាក់ដុល្លារទន់ខ្សោយជាដើម៕
