អ្នកនាំពាក្យរដ្ឋាភិបាលរួបរួមជាតិ NUG របស់មីយ៉ាន់ម៉ា ដែលនិរទេសខ្លួន បានប្រាប់សារព័ត៌មាន BBC ថា ការវាយប្រហារមួយដោយប្រើឧបករណ៍ស្រដៀងនឹងឆ័ត្រយោងដើម្បីទម្លាក់គ្រាប់បែក ទៅលើពិធីបុណ្យពុទ្ធសាសនា និងការតវ៉ា នៅភាគកណ្តាលសហភាពមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច ២៤នាក់ និងប្រហែល ៤៧នាក់ ផ្សេងទៀតរងរបួស។

មន្ត្រីមូលដ្ឋានម្នាក់ដែលស្ថិតក្រោមកម្លាំងការពារប្រជាជនប្រឆាំងរបបសឹក បាននិយាយថា មនុស្សប្រហែល ១០០នាក់ បានប្រមូលផ្តុំនៅទីប្រជុំជន Chaung U នៃតំបន់ Sagaing នៅល្ងាចថ្ងៃចន្ទ (៦ តុលា) សម្រាប់ពិធីបុណ្យជាតិមួយ ដែលមានឫសគល់មកពីព្រះពុទ្ធសាសនា ហើយពេលនោះ ឧបករណ៍ស្រដៀងឆ័ត្រយោងដើរដោយម៉ាស៊ីន បានទម្លាក់គ្រាប់បែក ២គ្រាប់ លើហ្វូងមនុស្ស។ ព្រឹត្តិការណ៍នេះក៏រួមមានពិធីអុជទៀនប្រឆាំងនឹងគោលនយោបាយរបបសឹកផងដែរ។

មន្ត្រីរូបនោះបានប្រាប់ BBC នៅមីយ៉ាន់ម៉ាថា៖ ក្នុងអំឡុងពេលនៃការជួបជុំនៅថ្ងៃចន្ទនោះ ពួកគេបានទទួលព័ត៌មានថាអាចមានការវាយប្រហារតាមអាកាស ហើយបានព្យាយាមបញ្ចប់ការតវ៉ាឱ្យលឿន ប៉ុន្តែគ្រាប់បែកបានទៅដល់លឿនជាងការរំពឹងទុក។
របាយការណ៍ព័ត៌មានមួយចំនួនទៀត ដាក់អ្នកស្លាប់ចន្លោះពី ២០ ទៅជាង ៣០នាក់។ ចំនួនអ្នកស្លាប់ជាផ្លូវការមិនត្រូវបានបញ្ជាក់នោះទេ ប៉ុន្តែការប្រើប្រាស់ឧបករណ៍ស្រដៀងឆ័ត្រយោងបែបនេះ គឺជាយុទ្ធសាស្ត្រដ៏ពេញនិយមពីយោធាមីយ៉ាន់ម៉ា ដើម្បីទម្លាក់គ្រាប់បែកលើទីតាំងជនស៊ីវិល នេះបើយោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ៕