នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានផ្ញើសារជូនពរខួបកំណើតដ៏កក់ក្តៅទៅកាន់មេដឹកនាំរុស្ស៊ី លោក Vladimir Putin ពោលគឺត្រឹមតែប៉ុន្មានម៉ោងមុនពេលការទៅដល់របស់លោក Keir Starmer ដោយនេះអាចធ្វើឲ្យការចាប់ផ្តើមមិនសូវរលូនរបស់នាយករដ្ឋមន្ត្រីអង់គ្លេសនូវដំណើរទស្សនកិច្ច ដែលផ្តោតលើពាណិជ្ជកម្ម។
កាលពីថ្ងៃអង្គារ (ទី៧ ខែតុលា) លោក Modi បានសរសេរនៅលើបណ្ដាញសង្គមថា លោកបាននិយាយជាមួយមិត្តរបស់លោក គឺលោកប្រធានាធិបតី Putin ហើយបានជូនពរលោក ដោយសរសើរនូវការប្តេជ្ញាចិត្តរបស់មេដឹកនាំរុស្ស៊ីរូបនេះ ក្នុងការធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំង ២ កាន់តែស៊ីជម្រៅ។

ការបង្ហោះសារនោះ បានបង្ហាញឲ្យឃើញនូវតុល្យភាពដ៏លំបាក ដែលនាយករដ្ឋមន្ត្រីអង់គ្លេសត្រូវតែមានក្នុងបេសកកម្មពាណិជ្ជកម្មរបស់លោក នៅប្រទេសឥណ្ឌា ពីព្រោះលោក Modi កំពុងធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើង ជាមួយគូសត្រូវធំជាងគេរបស់ចក្រភពអង់គ្លេស។
លោក Starmer បានព្រយាមមិនឆ្លើយសំណួរដោយផ្ទាល់ អំពីការជជែកតាមទូរសព្ទរបស់លោក Modi ជាមួយប្រធានាធិបតីរុស្ស៊ី នៅលើយន្តហោះតម្រង់ទៅកាន់ប្រទេសឥណ្ឌា។ លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «សូមដឹងឲ្យច្បាស់ថា ខ្ញុំមិនបានផ្ញើសារជូនពរខួបកំណើតទៅលោក Putin ទេ»។
គួរបញ្ជាក់ថា លោក Starmer កំពុងដឹកនាំគណៈប្រតិភូនៃមេធុរកិច្ច ការសិក្សា និងវប្បធម៌របស់អង់គ្លេសចំនួន ១២៥នាក់ទៅកាន់ទីក្រុង Mumbai ខណៈដែលលោកព្យាយាមទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលរង់ចាំជាយូរមកហើយ ជាអ្វីដែលត្រូវបានចុះហត្ថលេខាកាលពីដើមឆ្នាំនេះ៕
