ប្រទេសរុស្ស៊ី បានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍គណៈប្រតិភូនៃរដ្ឋាភិបាលតាលីបង់ដែលកំពុងកាន់អំណាចរបស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារ (ទី៧ ខែតុលា) ហើយបានចេញការព្រមានយ៉ាងខ្លាំងប្រឆាំងនឹងការមានវត្តមានយោធាបរទេស នៅក្នុងប្រទេសនេះ។
អំឡុងពេលថ្លែងនៅពេលចាប់ផ្តើមកិច្ចប្រជុំអន្តរជាតិ ស្តីពីអាហ្វហ្គានីស្ថាន នៅទីក្រុងមូស្គូ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានសរសើររដ្ឋាភិបាលតាលីបង់ ចំពោះការប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ISIS និងក្រុមជ្រុលនិយមដទៃទៀត ក៏ដូចជាការលុបបំបាត់ការជួញដូរគ្រឿងញៀនខុសច្បាប់។
ហើយជាមួយគ្នានេះ លោក Lavrov បានសង្កត់ធ្ងន់ថា៖ «ការដាក់ពង្រាយរចនាសម្ព័ន្ធយោធាពីប្រទេសទី៣ ណាមួយ នៅលើដែនដីរបស់ប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជានៅលើទឹកដីនៃរដ្ឋជិតខាង គឺពិតជាមិនអាចទទួលយកបានឡើយ ទោះជានៅក្រោមលេសអ្វីក៏ដោយ»។

គួរដឹងថា កាលពីខែមុន រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានច្រានចោលការប៉ុនប៉ងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់គ្រប់គ្រងមូលដ្ឋានទ័ពអាកាស Bagram វិញ ពោលគឺ ៤ឆ្នាំបន្ទាប់ពីការដកទ័ពដ៏ច្របូកច្របល់របស់សហរដ្ឋអាមេរិកចេញពីប្រទេសនេះ បានបន្សល់ទុកនូវទីតាំងយោធាដ៏ធំមួយ នៅក្នុងដៃរបស់ក្រុមតាលីបង់។
លោក Lavrov បានបញ្ជាក់ថា៖ «វត្តមានយោធានៃតួអង្គក្រៅតំបន់ណាមួយ អាចត្រឹមតែនាំទៅរកការមានអស្ថិរភាព និងជម្លោះថ្មីៗប៉ុណ្ណោះ។ ប្រវត្តិសាស្រ្តនៃប្រទេសអាហ្វហ្គានីស្ថាន បានបង្ហាញឲ្យឃើញនូវស្ថានភាពជាច្រើន ដោយសារវត្តមានយោធាបរទេស។ ខ្ញុំជឿថា គ្រប់គ្នាគួរតែធ្វើការសន្និដ្ឋានបានយ៉ាងត្រឹមត្រូវជាយូរមកហើយ»។
ចាប់តាំងពីក្រុមតាលីបង់ បានឡើងគ្រប់គ្រងអាហ្វហ្គានីស្ថាន ក្នុងខែសីហា ឆ្នាំ២០២១ បន្ទាប់ពីការដកកងកម្លាំងរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ (NATO) ពួកគេបានប្រឹងប្រែងឲ្យមានការទទួលស្គាល់ពីអន្តរជាតិ ខណៈពេលដែលក៏អនុវត្តយ៉ាងតឹងរ៉ឹងផងដែរតាមច្បាប់វិន័យរបស់សានានាឥស្លាម។ កាលពីខែកក្កដា រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ បន្ទាប់ពីបានដកក្រុមនេះចេញពីបញ្ជីអង្គការក្រៅច្បាប់របស់ខ្លួន៕
