ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីយាងចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។
នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសម្តេច ថ្នាក់ដឹកនាំកំពូល នៃស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និងឥស្សរជនសំខាន់ៗមួយចំនួនទៀត នៃស្ថាប័នរាជរដ្ឋាភិបាល បានអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះករុណាព្រះបាទសម្តេចព្រះរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងា ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈនេះ។
យោងតាមព្រះរាជសារ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ព្រះករុណា នឹងអវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ នេះ ដើម្បីចូលរួមក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡា អូឡាំពិក រដូវរងា នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។
នៅក្នុងឱកាសអវត្តមានព្រះអង្គនេះ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួល ជួយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។
ប្រទេសចិន បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវក្តៅ និងរដូវរងារឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
ការរៀបចំកម្មវិធីដ៏មានន័យជាប្រវត្តិសាស្រ្តនេះ សម្រាប់ មនុស្សជាតិ ក្នុងពេលដែលពិភពលោកទាំងមូល បាននឹងកំពុងប្រឈមមុខនឹងវិបត្តិ នៃជំងឺកូវីដ-១៩។ ប្រទេសចិន កំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយទៀត ក្នុងការធានាទាំងសុវត្ថិភាពសន្តិសុខ ទាំងសុវត្ថិភាព សុខាភិបាលសាធារណៈ សម្រាប់គណៈប្រតិភូកីឡា និងសម្រាប់វេទិកាកីឡាអន្តរជាតិនេះ។
ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង ដែលរៀបចំឡើងក្នុងបរិបទ នៃជំងឺកូវីដ-១៩នេះ នឹង ក្លាយជាការប្រកួតដ៏ឱឡារិក និងជារឿងមង្គលជាសកលដ៏កម្រមាន។ បណ្តាទីក្រុងនៅប្រទេសចិន បានដាក់ចេញចំណាត់ការតឹងរ៉ឹង ដើម្បីគ្រប់គ្រងការឆ្លងរាលដាលថ្មីៗ នៃកូវីដ-១៩៕អត្ថបទ៖ មុត សុទ្ធ





