រដ្ឋាភិបាលបានឲ្យដឹងថា ទឹកជំនន់ដ៏ធំបំផុតមិនធ្លាប់មាន បានជន់លិចផ្លូវនានា នៅក្នុងសហគមន៍ជាច្រើន ក្នុងប្រទេសវៀតណាម នាថ្ងៃពុធ (ទី៨ ខែតុលា) ដោយយ៉ាងហោចណាស់មានមនុស្ស ៨នាក់ហើយ ដែលបានបាត់បង់ជីវិត ក្នុងសប្តាហ៍នេះ។
ជាមួយគ្នានេះ មនុស្សរាប់ម៉ឺននាក់ ត្រូវបានជាប់នៅក្នុងផ្ទះសម្បែង ឬភៀសខ្លួនចេញពីទឹកជំនន់ដែលឡើងខ្លាំងលិចដំបូលរថយន្ត និងរហូតដល់ដំបូលផ្ទះ នៅក្នុងតំបន់ជាច្រើននៃទីក្រុង Thai Nguyen ដែលចម្ងាយប្រហែល ៨០គីឡូម៉ែត្រ នៅភាគខាងជើងនៃរដ្ឋធានីហាណូយ។
ក្រសួងបរិស្ថានបានឲ្យដឹងថា មនុស្ស ៨នាក់យ៉ាងតិច បានស្លាប់ដោយសាទឹកជំនន់ឡើងគំហុកភ្លាមៗ និងបំណាក់ដី នៅតំបន់ភ្នំភាគខាងជើងវៀតណាម ចាប់តាំងពីថ្ងៃចន្ទ ហើយ ៦នាក់ផ្សេងទៀតបានបាត់ខ្លួន។

គិតត្រឹមព្រឹកថ្ងៃពុធ ការិយាល័យអាកាសធាតុ បានបញ្ជាក់ថា ទឹកទន្លេ Cau ដែលហូរកាត់ទីក្រុង Thai Nguyen គឺខ្ពស់ជាងកម្រិតខ្ពស់បំផុតកាលពីមុន ២៨,៨១ម៉ែត្រ នៅពេលដែលព្យុះទីហ្វុង Yagi បានផ្ដល់ការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រទេសនេះ កាលពីខែកញ្ញាឆ្នាំមុន។
ពេញមួយយប់ថ្ងៃអង្គារ និងព្រឹកថ្ងៃពុធ អ្នកប្រើប្រាស់បណ្ដាញសង្គម បានបង្ហោះសារសុំជំនួយ ខណៈដែលសាច់ញាតិ និងមិត្តភ័ក្តិរបស់ពួកគេ ត្រូវជាប់ទៅណាមិនរួច ដោយមិនមានអគ្គិសនីប្រើប្រាស់ និងការសល់ស្បៀងអាហារតិចតួច នៅក្នុងខេត្ត Thai Nguyen, Cao Bang និង Lang Son។
គួរបញ្ជាក់ថា ទឹកជំនន់បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដោយសារព្យុះទីហ្វុង Matmo ដែលបានថមថយកម្លាំងកាលពីថ្ងៃចន្ទ ខណៈពេលបោកបក់ជិតដល់វៀតណាម ប៉ុន្តែបានវាយប្រហារភាគខាងជើងយ៉ាងធ្ងន់ធ្ងរ។ ព្យុះ Matmo នេះ បានបក់ទៅដល់ដីគោក ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុះទីហ្វុង Bualoi បានបង្កជាទឹកជំនន់គ្រប់ទិសទី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៦នាក់ និងបណ្តាលឲ្យមានការខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ជាង ៧១០លានដុល្លារ៕


