ប្រតិបត្តិការជួយសង្រ្គោះ បានចាប់ផ្តើមភ្លាមៗនៅរដ្ឋភាគខាងជើង Himachal Pradesh ប្រទេសឥណ្ឌានាថ្ងៃពុធនេះ ក្រោយបំណាក់ដីបាក់សង្កត់លើរថយន្តក្រុងមួយគ្រឿង ដោយបានសម្លាប់មនុស្សយ៉ាងហោច ១៥នាក់ ។
លោក Sandeep Dhawal គឺជាមន្រ្តីនគរបាលជាន់ខ្ពស់មួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន ANIថា បំណាក់ដីនេះបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ។
បំណាក់ដីបានសង្កត់លើរថយន្តក្រុងកំពុងបើកបរតាមផ្លូវតំបន់ភ្នំ ខណៈក្រុមជួយសង្រ្គោះជីកតាមបំណែករថយន្ត ដើម្បីស្វែងរកជនរងគ្រោះបាត់ខ្លួន ។
ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានការជន់លិចទ្រង់ទ្រាយធំ និងបំណាក់ដីនៅទូទាំងតំបន់ភ្នំហិម៉ាឡៃរបស់ប្រទេសឥណ្ឌា ក្នុងសប្តាហ៍នេះ ។
មនុស្សយ៉ាងហោច ២៣នាក់ ត្រូវបានសម្លាប់នៅស្រុក Darjeeling ស្ថិតក្នុងរដ្ឋ West Bengal កាលពីថ្ងៃចន្ទ ហើយនិងមនុស្ស ៥០នាក់បន្ថែមទៀត បានស្លាប់ នៅក្នុងប្រទេសជិតខាងនេប៉ាល់ ក្រោយភ្លៀងធ្លាក់ឥតឈប់ឈរ បណ្តាលឲ្យកើតមានទឹកជំនន់ និងបំណាក់ដីហូរនាំយកទៅផ្ទះសម្បែងប្រជាពលរដ្ឋ និងបំផ្លិចបំផ្លាញផ្លូវថ្នល់ ៕