រដ្ឋមន្រ្តីបរិស្ថាន និងថាមពលលោកស្រី Ines Manzano និយាយថា រថយន្តរបស់ប្រធានាធិបតីអេក្វាឌ័រលោក Daniel Noboa ត្រូវបានចោមរោមដោយហ្វូងមនុស្សប្រហែល ៥០០នាក់ ចោលដុំថ្ម ពេលដែលរូបលោកធ្វើដំណើរជិតទៅដល់ព្រឹត្តការណ៍នៅខេត្ត Canar ហើយសញ្ញានៃការខូចខាតដោយគ្រាប់កាំភ្លើង ត្រូវបានរកឃើញនៅលើរថយន្តប្រធានាធិបតី ។

លោកស្រី Manzano និយាយបែបនេះ ក្រោយរៀបចំរបាយការណ៍ផ្លូវការលើការប៉ុនប៉ងមនុស្សឃាតលើរូបលោក Noboa ។
លោកស្រីនិយាយថា ប្រធានាធិបតីពុំរងរបួសអ្វីនោះឡើយ ហើយមនុស្ស ៥នាក់ ត្រូវបានឃាត់ខ្លួន ។ ការបាញ់ប្រហារលើរថយន្តរបស់ប្រធានាធិបតី ការគប់ដុំថ្ម និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ នោះគឺជាអំពើឧក្រិដ្ឋកម្ម ។ ពួកយើងនឹងមិនអនុញ្ញាតឲ្យរឿងនេះកើតឡើងទេ ។
ការិយាល័យប្រធានាធិបតី ក៏បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអង្គារដោយសន្យាថានឹងបន្តរកការទទួលខុសត្រូវប្រឆាំងនឹងអ្នកដែលពាក់ព័ន្ធ ។
ពួកគេនិយាយថា មនុស្សទាំងអស់ដែលត្រូវបានចាប់ខ្លួន នឹងត្រូវចោទប្រកាន់ពីបទភេរវកម្ម និងការប៉ុនប៉ងមនុស្សឃាត ៕
