រដ្ឋាភិបាលយោធាប៊ូគីណាហ្វាសូនិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ៨នាក់ ធ្វើការឲ្យអង្គការមនុស្សធម៌ ដោយចោទប្រកាន់ពួកគេពីបទធ្វើចារកម្ម និងក្បត់ជាតិ គឺជាការចោទប្រកាន់មួយដែលអង្គការមិនរកប្រាក់ចំណេញហូឡង់ ច្រានចោលទាំងស្រុង ។
រដ្ឋមន្រ្តីក្រសួងសន្តិសុខប៊ូគីណាហ្វាសូលោក Mahamadou Sana និយាយថា មនុស្ស ៨នាក់ ដែលត្រូវបានចាប់ខ្លួន បម្រើការឲ្យអង្គការ INSO ដែលជាអង្គការជំនាញសុវត្ថិភាពមនុស្សធម៌មានមូលដ្ឋាននៅប្រទេសហូឡង់ ។

លោក Sana និយាយថា អ្នកដែលត្រូវបានឃាត់ខ្លួនរួមមាន បុរសជនជាតិបារាំងម្នាក់ ស្រ្តីកាត់សាសន៍បារាំង-សេណេហ្គាល់ម្នាក់ បុរសជនជាតិឆេកម្នាក់ បុរសជនជាតិម៉ាលីម្នាក់ និងជនជាតិប៊ូគីណាហ្វាសូ ៤នាក់ ដោយរូបលោកចោទប្រកាន់ថា សមាជិកបុគ្គលិកទាំងនេះ នៅតែបន្តការងារឲ្យអង្គការ បន្ទាប់ត្រូវបានហាមឃាត់រយៈពេល ៣ខែ សម្រាប់ការប្រមូលទិន្នន័យរសើបដោយគ្មានការអនុញ្ញាត ។
លោកបន្តថា សមាជិកបុគ្គលិកអង្គការ INSO បានប្រមូល និងបញ្ជូនព័ត៌មានសន្តិសុខរសើបដែលអាចធ្វើឲ្យអន្តរាយដល់សន្តិសុខជាតិ និងផលប្រយោជន៍ប៊ូគីណាហ្វាសូ ទៅដល់ប្រទេសមហាអំណាចបរទេស ៕
