អភិបាលតំបន់ Belgorod និយាយនៅថ្ងៃពុធនេះថា មនុស្ស ៣នាក់ ត្រូវបានសម្លាប់ និងមនុស្សម្នាក់ទៀត បានរងរបួស នៅក្នុងការវាយប្រហារមីស៊ីលអ៊ុយក្រែន លើតំបន់ Belgorod របស់រុស្ស៊ី ហើយមនុស្សជាច្រើននាក់ទៀត អាចនឹងនៅជាប់ខ្លួនក្រោមគំនរបាក់បែក ។

លោក Vycheslav Gladkov គឺជាអភិបាលតំបន់ Belgorod និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Telegram ថា ការវាយប្រហារនេះ ធ្វើឡើងលើតំបន់តាំងលំនៅ Maslova Pristan ដែលស្ថិតនៅជិតព្រំដែនអ៊ុយក្រែន ។
លោកបានបង្ហោះរូបថតសន្លឹករបស់មជ្ឈមណ្ឌលកីឡានៅទីនោះ ដែលលោកនិយាយថា ត្រូវបានរងការបំផ្លិចបំផ្លាញដោយអន្លើរ ។ រូបភាពឃើញអគាររងការខូចខាតធ្ងន់ធ្ងរត្រង់ជញ្ជាំង និងដំបូលអគារ ។
លោក Gladkov និយាយទៀតថា សេវាកម្មសង្រ្គោះបន្ទាន់ កំពុងធ្វើការនៅកន្លែងកើតហេតុ ហើយគំនរបាក់បែកអគារ ត្រូវបានបោសសម្អាត ៕
