ក្រសួងការពារជាតិចិន និងប្រព័ន្ធផ្សព្វផ្សាយមានទំនាក់ទំនងជាមួយស្ថាប័ននេះ បានឲ្យដឹងថា ប្រទេសចិន និងម៉ាឡេស៊ី នឹងធ្វើសមយុទ្ធយោធារួមគ្នាក្នុងខែនេះ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ និងដែនទឹកក្បែរនោះ ដោយផ្តោតលើវិធានការនានា ដូចជាការជួយសង្គ្រោះគ្រោះមហន្តរាយ និងការប្រយុទ្ធប្រឆាំងចោរសមុទ្រ។
សមយុទ្ធដែលតែងធ្វើឡើងជាទៀងទាត់នេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែជិតស្និទ្ធ ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទោះបីជាមានភាពតានតឹង ដោយសារជម្លោះពាក់ព័ន្ធនឹងការអះអាងសិទ្ធិលើតំបន់ នៅក្នុងផ្លូវទឹកដ៏មមាញឹកនៃសមុទ្រចិនខាងត្បូងក៏ដោយ។
អង្គភាពព័ត៌មាន China Military Bugle បានឲ្យដឹងថា កងកម្លាំងបានចាកចេញនៅថ្ងៃពុធ (ទី៨ ខែតុលា) នេះ ពីកំពង់ផែយោធារបស់ចិន Zhanjiang, Sanya និងហុងកុង ដើម្បីទៅចូលរួមសមយុទ្ធដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែតុលា។

អង្គភាពព័ត៌មានដែលមានទំនាក់ទំនងជាមួយកងទ័ពរំដោះប្រជាជនចិនមួយនេះ បានបន្ថែមថា បុគ្គលិកជាង ១.០០០នាក់ មកពីភាគីទាំង២ នឹងចូលរួមក្នុងការហាត់សមនេះ ដោយមានជាង ៧០០នាក់ ទៅពីប្រទេសចិន រួមជាមួយនឹងឧបករណ៍នានា រាប់ចាប់ពីនាវា និងឧទ្ធម្ភាគចក្រ រហូតដល់យានដ្រូន។
ក្រសួងការពារជាតិចិន បានឲ្យដឹងនៅមុននេះថា សមយុទ្ធលើកទី៦ នេះ នឹងផ្តោតលើ «ប្រតិបត្តិការផ្ដល់ជំនួយមនុស្សធម៌ ជំនួយសង្គ្រោះគ្រោះមហន្តរាយ និងសន្តិសុខដែនសមុទ្រ» ដោយមានអ្នកសង្កេតការណ៍មកពីសមាជិកផ្សេងទៀតនៃក្រុមប្រទេសអាស៊ាន (ASEAN) ដែលត្រូវបានអញ្ជើញ។
ក្រសួងបានបន្ថែមថា ការហាត់សមនេះមានគោលបំណងធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងយោធាចិន និងអាស៊ីអាគ្នេយ៍ បង្កើនសមត្ថភាពរបស់ភាគីទាំង២ ដើម្បីរួមគ្នាដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី ព្រមទាំងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ក្រសួងការពារជាតិម៉ាឡេស៊ីមិនបានឆ្លើយតបភ្លាមៗនោះឡើយ សម្រាប់សំណើសុំការអត្ថាធិប្បាយ៕
