អ្នកវិទ្យាសាស្ត្រ ៣រូប ត្រូវបានផ្តល់រង្វាន់ណូបែលផ្នែកគីមីវិទ្យា ឆ្នាំ២០២៥ សម្រាប់ការអភិវឌ្ឍនូវ «ក្របខ័ណ្ឌសរីរាង្គលោហៈ» ជាទម្រង់ថ្មីនៃស្ថាបត្យកម្មម៉ូលេគុលដែលត្រូវបានប្រដូចទៅនឹងភាពមហស្ចារ្យ ក្នុងរឿងប្រលោមលោក Harry Potter។
នៅថ្ងៃពុធ (ទី៨ ខែតុលា) នេះ ក្នុងពិធីនៅឯទីក្រុង Stockholm ប្រទេសស៊ុយអែត គណៈកម្មាធិការណូបែល បានប្រកាសថា លោក Susumu Kitagawa លោក Richard Robson និងលោក Omar Yaghi នឹងទទួលរង្វាន់រួមគ្នា ពាក់ព័ន្ធនឹងស្នាដៃដែលផ្តល់ឲ្យអ្នកគីមីវិទ្យា «នូវឱកាសថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន» ដែលវិស័យនេះជួបប្រទះ។

អំឡុងពេលប្រកាសអំពីការផ្ដល់រង្វាន់នេះ លោក Heiner Linke ប្រធានគណៈកម្មាធិការណូបែលផ្នែកគីមីវិទ្យា បាននិយាយថា ម្ចាស់ជ័យលាភីបានរកឃើញវិធី ដើម្បីបង្កើតសម្ភារៈថ្មីទាំងស្រុង «ដោយមានប្រហោងធំ» នៅខាងក្នុង ដែលធ្វើការ «ដូចជាបន្ទប់នៅក្នុងសណ្ឋាគារ» ដើម្បីឲ្យម៉ូលេគុលបណ្ដោះអាសន្នអាចចូល និងចេញម្តងទៀតពីអង្គធាតុដូចគ្នា»។
លោកបានបន្តថា ដំណើរការគីមីវិទ្យានេះ ធ្វើការដូចជាកាបូបរបស់តួអង្គ Hermione Granger នៅក្នុងរឿងប្រលោមលោក Harry Potter ដែលមើលទៅមានទំហំតូចនៅផ្នែកខាងក្រៅ ប៉ុន្តែធំនៅផ្នែកខាងក្នុង។
គណៈកម្មាធិការបានសរសើរម្ចាស់ជ័យលាភីទាំង៣ ដែលបានបង្កើតសំណង់ម៉ូលេគុលមានចន្លោះធំៗ ដែលឧស្ម័ន និងសារធាតុគីមីផ្សេងទៀតអាចមានលំហូរ ដោយបានបន្ថែមថា «សំណង់ទាំងនេះ គឺក្របខ័ណ្ឌសរីរាង្គលោហៈ អាចត្រូវបានប្រើ ដើម្បីប្រមូលទឹកពីខ្យល់វាលខ្សាច់ ចាប់យកកាបូនឌីអុកស៊ីត រក្សាទុកឧស្ម័នពុល ឬកាតាលីករប្រតិកម្មគីម»។
កាលពីឆ្នាំមុន រង្វាន់នេះត្រូវបានប្រគល់ទៅអ្នកវិទ្យាសាស្ត្រ ៣រូបដែលបានប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បី «បំបែក» កូដនៃប្រូតេអ៊ីនដែលស្ទើរតែត្រូវបានរកឃើញគ្រប់ទាំងអស់ហើយនោះ៕
