ប្រទេសអាល្លឺម៉ង់នឹងផ្តល់អំណាចដល់នគរបាលឲ្យបាញ់ទម្លាក់យានដ្រូនទុច្ចរិត ដូចជាយានដ្រូនដែលបានរំខានដល់អាកាសយានដ្ឋាន នៅទូទាំងទ្វីបអឺរ៉ុប ហើយមេដឹកនាំអឺរ៉ុបមួយចំនួន បានសន្មតថា ជាសង្រ្គាមកូនកាត់ដែលកំពុងបង្កឡើងដោយរុស្ស៊ី។
ច្បាប់ថ្មីដែលត្រូវបានផ្ដល់ការយល់ព្រមដោយគណៈរដ្ឋមន្ត្រី នៅថ្ងៃពុធ (ទី៨ ខែតុលា) នេះ និងកំពុងរង់ចាំការអនុម័តពីសភា ផ្តល់សិទ្ធិឲ្យនគរបាលយ៉ាងច្បាស់លាស់ទម្លាក់យានដ្រូនទាំងនោះដែលបំពានដែនអាកាសរបស់អាល្លឺម៉ង់ ក្នុងនោះរួមទាំងការបាញ់ទម្លាក់ពួកវា ក្នុងករណីបង្កការគំរាមកំហែងខ្លាំង ឬគ្រោះថ្នាក់ធ្ងន់ធ្ងរ។
បច្ចេកទេសផ្សេងទៀតដែលអាចមាន ក្នុងការទម្លាក់យានដ្រូននោះ រួមមានការប្រើឡាស៊ែរ ឬសញ្ញារារាំងដើម្បីផ្ដាច់តំណភ្ជាប់នៃការគ្រប់គ្រង និងការរុករក។
គួរបញ្ជាក់ថា ច្បាប់ថ្មីនេះកើតមានឡើងបន្ទាប់ពីជើងហោះហើររាប់សិបវ៉ុល ត្រូវបានបង្វែរ ឬលុបចោលកាលពីថ្ងៃទី៣ ខែតុលា នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Munich ដែលជាអាកាសយានដ្ឋានធំទី២ របស់ប្រទេសអាល្លឺម៉ង់ ដោយធ្វើឲ្យអ្នកដំណើរជាង ១០.០០០នាក់ជាប់នៅក្នុងព្រលានយន្តហោះ បន្ទាប់ពីបានប្រទះឃើញយានដ្រូន៕