ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍ថា អ្នកការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់ នៅថ្ងៃពុធ (ទី៨ ខែតុលា) នេះ បាននិយាយថា រុស្ស៊ីនឹងធ្វើការសាកល្បងនុយក្លេអ៊ែរភ្លាមៗដោយមិនបង្អង់យូរ ប្រសិនបើសហរដ្ឋអាមេរិកធ្វើដូច្នេះ ដោយកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងធ្វើការ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធសាកល្បងរបស់ខ្លួនឲ្យរួចរាល់។
នៅក្នុងខែតុលានេះ លោកប្រធានាធិបតី Vladimir Putin បាននិយាយថា រុស្ស៊ីនឹងធ្វើការសាកល្បងនុយក្លេអ៊ែរ ប្រសិនបើមហាអំណាចនុយក្លេអ៊ែរមួយផ្សេងទៀតធ្វើដូច្នេះ បន្ទាប់ពីបានបញ្ជាក់ថា ទីក្រុងមូស្គូបានឃើញអំពីតម្រុយ ដែលថា ប្រទេសអនាមិកមួយ កំពុងរៀបចំធ្វើតេស្តបែបនេះ។
ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេស លោក Sergei Ryabkov ដែលបាននិយាយថា រុស្ស៊ីបានសង្កេតឃើញថា សហរដ្ឋអាមេរិកបានធ្វើការមួយរយៈមកហើយ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធសាកល្បងរបស់ខ្លួនឲ្យរួចរាល់។
សារព័តមាននេះបានដកស្រង់សម្តីរបស់លោក Ryabkov ដែលបាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកបានអនុវត្តនូវការសាកល្បងបែបនោះ ទីក្រុងមូស្គូក៏នឹងអនុវត្តតាមភ្លាមមួយរំពេច៕