ក្រុមមន្រ្តីនិយាយនៅថ្ងៃពុធនេះថា សត្វខ្លាឃ្មុំមួយក្បាល បានដើរតាមច្រកផ្លូវនៅក្នុងផ្សារទំនើប ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន វាយប្រហារបណ្តាលឲ្យបុរស ២នាក់ រងរបួស និងធ្វើឲ្យអ្នកដើរផ្សារភ័យរន្ធត់ ខណៈបុរសម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងឧបទ្ទេវហេតុដាច់ដោយឡែកមួយផ្សេងទៀតដែលគេសង្ស័យថា ជាការវាយប្រហាររបស់សត្វខ្លាឃ្មុំ ។
សត្វខ្លាឃ្មុំព្រៃកាន់តែច្រើន ត្រូវបានគេប្រទះឃើញនៅប្រទេសជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សូម្បីតែនៅតាមតំបន់រស់នៅរបស់អ្នកស្រុក ដោយសារកត្តាជាច្រើន រួមទាំងកក្តាធ្លាក់ចុះចំនួនពលរដ្ឋ និងបម្រែបម្រួលអាកាសធាតុ ។
ទូរទស្សន៍រដ្ឋជប៉ុន NHK រាយការណ៍ដោយលើកប្រភពពីនគរបាលថា បុរសម្នាក់ត្រូវបានប្រទះឃើញស្លាប់នៅលើភ្នំ ស្ថិតនៅតំបន់ភាគខាងជើង Iwate ក្រោយការវាយប្រហារសង្ស័យរបស់សត្វខ្លាឃ្មុំមួយផ្សេងទៀត ។
ក្រុមមន្រ្តីពន្លត់អគ្គិភ័យ និងនគរបាលក្នុងតំបន់ Iwate និយាយថា សត្វខ្លាឃ្មុំពេញវ័យកម្ពស់ ១,៤ម៉ែត្រ ដែលបានដើរចូលក្នុងផ្សារទំនើបកាលពីល្ងាចថ្ងៃអង្គារ នៅទីក្រុង Numata ខេត្ត Gunma ស្ថិតនៅភាគខាងជើងទីក្រុងតូក្យូ បណ្តាលឲ្យបុរសវ័យជាង ៧០ឆ្នាំម្នាក់ និងបុរសវ័យជាង ៦០ឆ្នាំម្នាក់ រងរបួសស្រាល ។
លោក Hiroshi Horikawa គឺជាមន្រ្តីគ្រប់គ្រងផែនការនៅខ្សែសង្វាក់ហាងគ្រឿងទេសនិយាយថា ផ្សារទំនើបនេះស្ថិតនៅជិតតំបន់ភ្នំ ប៉ុន្តែពុំធ្លាប់ដែលមើលឃើញសត្វខ្លាឃ្មុំមកជិតនោះទេកាលពីមុន ។
យោងតាមការអះអាងរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ចន្លោះខែមេសា និងខែកញ្ញា មនុស្ស ១០៨នាក់ នៅទូទាំងប្រទេសជប៉ុន បានរងរបួសបណ្តាលមកពីការវាយប្រហាររបស់សត្វខ្លាឃ្មុំ ក្នុងនោះមនុស្ស ៥នាក់ បានស្លាប់ ៕