នៅថ្ងៃពុធនេះ ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុង Deir al-Balah តំបន់ហ្កាហ្សាសង្ឃឹមថាសង្រ្គាមនឹងត្រូវបញ្ចប់ ស្របពេលដែលកិច្ចប្រជុំដោយផ្ទាល់រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល កំពុងធ្វើឡើងនៅទីក្រុងទេសចរណ៍ Sharm el-Sheikhរបស់ប្រទេសអេហ្ស៊ីប ។
ប្រជាពលរដ្ឋជ្រកកោននៅក្នុងសំពត់តង់ជម្លៀសខ្លួនតាមតំបន់ឆ្នេរ នាំគ្នាតម្រង់ជួររង់ចាំទឹក ខណៈដែលក្មេងៗនាំគ្នារត់លេងនៅក្បែរនោះ ។
លោក Raed Shahine ដែលបានជម្លៀសខ្លួនចេញពីតំបន់ភាគខាងជើងហ្កាហ្សា បានអំពាវនាវសុំជំនួយពីបណ្តាប្រទេសនៅលើពិភពលោក ស្របពេលរដូវរងាខិតជិតមកដល់ ។ លោកថា លោកចង់បានសន្តិភាព លោកចង់មានជីវិតរស់នៅដូចមនុស្សដទៃទៀត ។
ក្រុមហាម៉ាសនិយាយនៅថ្ងៃពុធនេះថា ពួកគេបានដោះដូរបញ្ជីឈ្មោះចំណាប់ថ្នូរអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ដែលត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងដោះដូរ ហើយពួកគេមានសុទិដ្ឋិនិយមចំពោះកិច្ចប្រជុំនៅប្រទេសអេហ្ស៊ីប ពាក់ព័ន្ធនឹងផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការបញ្ចប់សង្រ្គាមហ្កាហ្សា ។
ក្រុមជីវពលប៉ាឡេស្ទីនមួយនេះ បន្តថា កិច្ចចារបានផ្តោតសំខាន់លើយន្តការបញ្ឈប់ជម្លោះ ការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះដូរអ្នកទោស ។
ប្រភពប៉ាឡេស្ទីនដែលនៅស្និតនឹងកិច្ចចរចា បានឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ពេលវេលាអនុវត្តដំណាក់កាលដំបូងនៃគំនិតផ្តួចផ្តើម ២០ចំណុចរបស់លោក Trump ពុំទាន់បានព្រមព្រៀងនោះទេ មកទល់នឹងពេលនេះ អំឡុងកិច្ចប្រជុំ ។
ការខឹងសម្បារសកលលោកបានកើនឡើងប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលដែលនាំឲ្យមានការជម្លៀសខ្លួនមនុស្សស្ទើទាំងអស់នៅក្នុងតំបន់ហ្កាហ្សា ហើយនិងបង្កឲ្យកើតមានវិបត្តិអត់ឃ្លាន ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សមួយចំនួន និងការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា វាស្មើនឹងអំពើប្រល័យពូជសាសន៍ ខណៈអ៊ីស្រាអែលចាត់ទុកវិធានការរបស់ខ្លួន គឺជាស្វ័យការពារខ្លួន ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីឆ្នាំ ២០២៣ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរហ្កាហ្សា បានឲ្យដឹងថា មនុស្សប្រហែល ៦៧.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ៕