ភ្នំពេញ៖ ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេលបីថ្ងៃក្នុងឆ្នាំនេះ តម្រូវការផ្គត់ផ្គង់ជ្រូករស់ បានហក់ឡើងដល់ ៩ពាន់ ទៅ ១ម៉ឺនក្បាលក្នុងមួយថ្ងៃ ហើយតម្រូវការនេះនឹងធ្លាក់មកធម្មតាមវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិនបានបញ្ចប់។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ទាក់ទងនឹងការផ្គត់ផ្គង់ជ្រូករស់ ក្រៅពីរដូវបុណ្យទាន នៅទូទាំងប្រទេសក្នុងពេលបច្ចប្បន្ន ក្នុងមួយថ្ងៃៗមានតម្រូវការប្រមាណក្នុងរង្វង់ប្រមាណជិត ៨ ពាន់ ទៅ ៨ពាន់ក្បាល ដោយបូកបញ្ចូលទាំងជ្រូកនាំចូលពីប្រទេសជិតខាងខ្លះៗផងដែរ ។
ចំណែកនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ លោកបានបន្តឲ្យដឹងថា តម្រូវការផ្គត់ផ្គង់ជ្រូករស់នៅតាមទីផ្សារ បានកើនឡើងក្នុង រង្វង់ប្រមាណជាង ៩ ពាន់ ទៅ ១ម៉ឺនក្បាល ក្នុងមួយថ្ងៃ ជាពិសេសនៅថ្ងៃចូលឆ្នាំចិនទី១, ក្នុងនោះចំពោះតម្លៃលក់ជ្រូករស់ នៅតាមទីផ្សារវិញ មិនខ្ពស់ជាង ១១.០០០ រៀល ក្នុងមួយគីឡូក្រាមនោះឡើយ, ដោយឡែកការលក់សាច់ជ្រូក មានតម្លៃចន្លោះពី ១៨.០០០ ទៅ ១៨.៥០០ រៀល ក្នុងមួយគីឡូ ។
សូមបញ្ជាក់ថា៖ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅឆ្នាំ ២០២១ កន្លងទៅនេះ កម្ពុជាសម្រេច បានតម្លៃផលិតកម្មសត្វសរុបមានទំហំ ៥ ១០០ លានដុល្លារអាមេរិក មានកំណើន ៦% ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន ៤ ៨១៣ លានដុល្លារអាមេរិក, ក្នុងនោះចំពោះតម្លៃផលិតកម្មជ្រូក មានទំហំប្រមាណជិត ៥៨០ លានដុល្លារអាមេរិក កើនឡើង ២០% និងតម្លៃ ផលិតផលផ្គត់ផ្គង់សាច់ជ្រូកក្នុងស្រុក មានចំនួនជាង ៥៧៧ លានដុល្លារអាមេរិក បានកើនឡើង ៦% បើធៀបទៅឆ្នាំ ២០២០៕អត្ថបទ៖ សុន រ៉ាឌី
