ប្រជាជនប៉ាឡេស្ទីននៅទីក្រុង Khan Younis របស់ដែនដីហ្កាហ្សា បានចេញប្រមូលផ្ដុំតាមដងផ្លូវនានាដើម្បីអបអរសាទរ និងរាំយ៉ាងរីករាយបំផុតនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី៩ តុលា បន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហ្កាហ្សា ដើម្បីបញ្ចប់សង្រ្គាម។

កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងការដកខ្លួនរបស់អ៊ីស្រាអែលចេញពីតំបន់ហ៊ុមព័ទ្ធនេះ និងការដោះដូរចំណាប់ខ្មាំងអ្នកទោស។ ប៉ុន្តែក្រុមហាម៉ាស បានអំពាវនាវឱ្យលោក Trump និងបណ្ដារដ្ឋអ្នកធានាផ្ដល់ការធានាឱ្យអ៊ីស្រាអែលអនុវត្តទាំងស្រុងនូវបទឈប់បាញ់។
លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃពុធ ៨ តុលា ថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងដែលស្វែងរកជាយូរមកហើយសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង ក្រោមផែនការរបស់លោកសម្រាប់ការបញ្ចប់សង្គ្រាមដែលមានរយៈពេលពីរឆ្នាំនៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ។
ពលរដ្ឋប៉ាឡេស្ទីនម្នាក់បាននិយាយថា នេះគឺជាពេលវេលាដែលត្រូវបានចាត់ទុកថាជាពេលវេលាប្រវត្តិសាស្ត្រ ដែលប្រជាជនប៉ាឡេស្ទីនរង់ចាំជាយូរមកហើយបន្ទាប់ពីរយៈពេលពីរឆ្នាំនៃការសម្លាប់រង្គាល និងការប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តដោយភាពក្រអឺតក្រទមប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។
ចំណែកពលរដ្ឋប៉ាឡេស្ទីនម្នាក់ទៀតបាននិយាយថា ពួកគេសូមអរគុណសហរដ្ឋអាមេរិកពិសេសលោកប្រធានាធិបតី Donald Trump ដែលបានប្រកាសថាសង្រ្គាមបានឈប់ យើងរីករាយណាស់ដែលសង្រ្គាមបានឈប់ នេះជាដំណឹងដ៏រីករាយសម្រាប់ប្រជាជនហ្កាហ្សា៕

