ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធ (៨ តុលា) ថា កងកម្លាំងអ៊ុយក្រែន កំពុងធ្វើឱ្យភាគីរុស្ស៊ី រងការខាតបង់ធ្ងន់ធ្ងរ ក្នុងការវាយបកនៅសមរភូមិជួរមុខតំបន់ Donetsk ភាគខាងកើត ដែលជាខ្សែប្រយុទ្ធសំខាន់នៃសង្រ្គាមជាង ៣ឆ្នាំកន្លះមកនេះនៅអ៊ុយក្រែន។

ការអះអាងរបស់លោក Zelenskyy ដែលផ្អែកលើរបាយការណ៍របស់មេបញ្ជាការជាន់ខ្ពស់អ៊ុយក្រែននេះ គឺផ្ទុយនឹងសុន្ទរកថារបស់មេដឹកនាំវិមានក្រឹមឡាំង លោក Vladimir Putin ទៅកាន់មន្ត្រីជាន់ខ្ពស់រុស្ស៊ីកាលពីមួយថ្ងៃមុននោះ ដែលបាននិយាយថា កងកម្លាំងរបស់ទីក្រុងមូស្គូ មានប្រៀបជាយុទ្ធសាស្ត្រនៅគ្រប់ផ្នែកជួរមុខទាំងអស់។
ក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskyy និយាយថា លោកបានពិភាក្សាអស់ជិត ១ម៉ោងជាមួយមេបញ្ជាការជាន់ខ្ពស់ Oleksandr Syrskyi ដោយ "យកចិត្តទុកដាក់ជាពិសេសលើប្រតិបត្តិការ Dobropillia ដែលជាការវាយបករបស់កងកម្លាំងអ៊ុយក្រែន"។ លោកបានរៀបរាប់ពីការស្លាប់ និងរបួសធ្ងន់ធ្ងរនៅក្នុងតំបន់នោះ។
អ៊ុយក្រែន បានលើកពីភាពជោគជ័យក្នុងខ្សែប្រយុទ្ធ Dobropillia ដែលស្ថិតនៅភាគខាងជើងមណ្ឌលភស្តុភារនៃទីក្រុង Pokrovsk ដោយទីតាំងនេះជាគោលដៅសំខាន់មួយក្នុងការវាយរុលទៅមុខយឺតៗរបស់រុស្ស៊ី ឆ្ពោះទៅភាគខាងលិច ឆ្លងកាត់តំបន់ Donetsk ។
យ៉ាងណាមិញ លោក Putin បានប្រាប់មន្ត្រីជាន់ខ្ពស់កាលពីថ្ងៃអង្គារថា រុស្ស៊ីបានវាយដណ្តើមយកទឹកដីជិត ៥.០០០គីឡូម៉ែត្រក្រឡាហើយក្នុងអ៊ុយក្រែន នៅឆ្នាំ ២០២៥នេះ។ លោកបន្តថា៖ កងកម្លាំងអ៊ុយក្រែនកំពុងដកថយនៅជួរមុខទាំងអស់ ហើយថា ការព្យាយាមរបស់ទីក្រុងគីវ ក្នុងការវាយលុកចូលជ្រៅទៅទឹកដីរុស្ស៊ី មិនអាចជួយស្រោចស្រង់អ្វីបានឡើយ៕

