រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានគាំទ្រផែនការរបស់អ៊ីតាលី ក្នុងការស្នើឱ្យមានបទឈប់បាញ់ជាសកលទៅកាន់អង្គការសហប្រជាជាតិ នៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា Milano-Cortina ឆ្នាំក្រោយនេះ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani កាលពីថ្ងៃពុធ (៨ តុលា) បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីទាំងពីរនៅទីក្រុងរ៉ូម។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនស្តីពីកិច្ចប្រជុំនេះ មិនបាននិយាយពីផែនការបទឈប់បាញ់ទូទាំងពិភពលោកនេះទេ ប៉ុន្តែបានដកស្រង់សម្តីលោក Wang ដែលនិយាយថា ចិន បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយអ៊ីតាលី ជាកម្លាំងស្ថាបនាក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ និងការកសាងប្រព័ន្ធអភិបាលកិច្ចសកល ប្រកបដោយសមធម៌ និងសមហេតុផលបន្ថែមទៀត។

លោក Wang ក៏និយាយផងដែរថា ចិន និងអ៊ីតាលី គួរតែទាញយក "បទពិសោធន៍ជោគជ័យ" ក្នុងការផ្លាស់ប្តូរទ្វេភាគី ដើម្បីផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងចិន បាននិយាយថា ទីក្រុងប៉េកាំងក៏មានឆន្ទៈក្នុងការផ្តល់នូវបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ តម្លាភាព មិនរើសអើង និងអាចព្យាករបាន ដើម្បីលើកទឹកចិត្តឱ្យមានការវិនិយោគទ្វេភាគីបន្ថែម ក្នុងចំណោមសហគ្រាសមកពីប្រទេសទាំងពីរ៕