អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធ (៨ តុលា) បាននិយាយថា ការវាយប្រហារយោធារបស់អ៊ីស្រាអែល បានបំផ្លិចបំផ្លាញទីក្រុងហ្កាហ្សា និងធ្វើឱ្យស្ថានភាពមនុស្សធម៌ដ៏អាក្រក់រួចទៅហើយ កាន់តែយ៉ាងយ៉ឺនថែមទៀត ខណៈទិន្នន័យផ្កាយរណបបង្ហាញពីការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយជាង ៨០% នៃទីក្រុងមួយនេះ។

ដោយសម្អាងដល់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយក្នុងសន្និសីទសារព័ត៌មានថា "ប្រតិបត្តិការយោធាអ៊ីស្រាអែល នៅទីក្រុងហ្កាហ្សា បានធ្វើឱ្យស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយ កាន់តែគ្រោះថ្នាក់ថែមទៀត"។
លោកបន្តថា "មនុស្សជាច្រើនមិនអាចចាកចេញពីភាគខាងជើងបាន ដោយសារតែអសន្តិសុខ" ហើយជនស៊ីវិល "កំពុងដេកតាមចិញ្ចើមផ្លូវ និងជួបការលំបាកដើម្បីរស់រាន ស្របពេលមានការខ្វះខាតស្បៀងអាហារ និងទីជម្រកធ្ងន់ធ្ងរ"។
លោក Dujarric បាននិយាយថា "មជ្ឈមណ្ឌលផ្កាយរណបរបស់អង្គការសហប្រជាជាតិ បានចេញផ្សាយការវិភាគបឋម ដែលបង្ហាញថា ទំហំនៃការខូចខាតនៅទីក្រុងហ្កាហ្សា មានដល់ទៅ ៨៣% នៃរចនាសម្ព័ន្ធ ដោយផ្ទះសម្បែងប្រហែល ៨១.០០០ខ្នង ត្រូវបានខូចខាតនៅទីនោះ"៕

