ប្រភពការទូតបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងមិនទៅចូលរួមកិច្ចប្រជុំនៅទីក្រុងប៉ារីស ដោយផ្ទាល់ជាមួយភាគីអឺរ៉ុប អារ៉ាប់ និងរដ្ឋផ្សេងទៀតនៅថ្ងៃព្រហស្បតិ៍ (៩ តុលា) នេះទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន ទំនងជាបញ្ចូនតំណាងទៅចូលរួមជំនួសវិញ ដើម្បីពិភាក្សាពីការផ្លាស់ប្តូរ ឬអន្តរកាលក្រោយសង្គ្រាមរបស់តំបន់ហ្កាហ្សា។

កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងស្របគ្នាជាមួយកិច្ចចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស នៅអេហ្ស៊ីប ស្តីពីផែនការសន្តិភាពហ្កាហ្សារបស់អាមេរិក ដែលលោកប្រធានាធិបតី Donald Trump បានប្រកាសថា ដំណាក់កាលដំបូងនៃផែនការនេះត្រូវបានព្រមព្រៀងរួចទៅហើយដោយភាគីជម្លោះទាំងពីរ។
កិច្ចប្រជុំទីក្រុងប៉ារីស មានបំណងពិនិត្យមើលថា តើតំបន់ហ្កាហ្សា នឹងត្រូវគ្រប់គ្រងដោយរបៀបណា ហើយថា តើផែនការសន្តិភាពរបស់លោក Trump នឹងត្រូវអនុវត្តយ៉ាងដូចម្ដេច និងវាយតម្លៃការប្តេជ្ញាចិត្តរួមរបស់ប្រទេសផ្សេងទៀតចំពោះដំណើរការនេះ។ ប្រទេសដែលចូលរួមនៅទីក្រុងប៉ារីសក្នុងជំនួបថ្ងៃព្រហស្បតិ៍នេះ ក៏រួមមាន អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ហ្ស៊កដានី កាតា អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម ឥណ្ឌូនេស៊ី ទួរគី និងកាណាដា។
ប្រភពការទូតបាននិយាយថា ដំបូងឡើយ លោក Rubio ត្រូវរំពឹងថានឹងចូលរួម ប៉ុន្តែក្រោយមក វត្តមានរបស់លោកមិនអាចកើតមានទេ ដោយសារការបិទរដ្ឋាភិបាលអាមេរិក។ ទោះយ៉ាងនេះក្តី ប្រភពបន្តថា មន្ត្រីអាមេរិកនៅតែទៅចូលរួម ប៉ុន្តែមិនទាន់ដឹងថាជាអ្នកណាឡើយ។ ប្រភពការទូតអឺរ៉ុបនិយាយថា វត្តមានអាមេរិកគឺសំខាន់ណាស់ ព្រោះគ្រប់យ៉ាងមិនអាចទៅមុខបានទេ បើគ្មានទីក្រុងវ៉ាស៊ីនតោន៕

