រដ្ឋាភិបាលម៉ាឡេស៊ី បាននិយាយថា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan នឹងទៅបំពេញទស្សនកិច្ចនៅសហភាពមីយ៉ាន់ម៉ា ក្នុងថ្ងៃព្រហស្បតិ៍ (៩ តុលា) នេះ ដើម្បីពិភាក្សាជាមួយរបបសឹកដែលកំពុងកាន់អំណាច ស្ដីពីការបោះឆ្នោតនាពេលខាងមុខ ហើយនឹងជំរុញឱ្យមានវឌ្ឍនភាពលើដំណើរការសន្តិភាពដែលជាប់គាំង។

ក្រសួងការបរទេសនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Mohamad នឹងធ្វើទស្សនកិច្ច ១ថ្ងៃនៅរដ្ឋធានីណៃពិដោ តំណាងឱ្យម៉ាឡេស៊ី ក្នុងនាមជាប្រធានប្លុកអាស៊ីអាគ្នេយ៍ អាស៊ាន ហើយនឹងជួបជាមួយប្រមុខរបបសឹក លោក Min Aung Hlaing នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសនៅទីនោះ។
លោក Mohamad ធ្លាប់លើកឡើងកាលពីខែកក្កដាថា អាស៊ានមិនចាត់ទុកការបោះឆ្នោតជាអាទិភាពទេ ដោយអំពាវនាវឱ្យមីយ៉ាន់ម៉ា ប្រកាន់ខ្ជាប់នូវការសន្យាសន្តិភាពរបស់ខ្លួនជំនួសវិញ។ ក្រសួងការបរទេសម៉ាឡេស៊ី និយាយថា លោក Mohamad នឹងបន្តអំពាវនាវឱ្យរបបសឹកអនុវត្តផែនការសន្តិភាព "ជាពិសេសលើការបញ្ឈប់អរិភាព ដោយអនុញ្ញាតឱ្យមានសិទ្ធិចូលប្រទេសដោយគ្មានការរារាំងដើម្បីមនុស្សធម៌ និងរៀបចំការសន្ទនាជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា"។
មេដឹកនាំយោធាមីយ៉ាន់ម៉ា ត្រូវហាមមិនឱ្យចូលរួមកិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាប់តាំងពីឆ្នាំ២០២២មក ដោយសារការខកខានមិនគោរពការប្តេជ្ញាចិត្ត លើផែនការសន្តិភាព ៥ចំណុចរបស់អាស៊ាន ដែលប្រមុខរបបសឹកបានយល់ព្រម បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១។ ជាមួយគ្នានេះ មីយ៉ាន់ម៉ា ដែលជាប់គាំងក្នុងសង្រ្គាមស៊ីវិលរវាងយោធានិងកងកម្លាំងឧទ្ទាម គ្រោងបោះឆ្នោតជុំទីមួយក្នុងការបោះឆ្នោតសកល នៅថ្ងៃទី២៨ ខែធ្នូ ខាងមុខ៕

