សភារបស់ប្រទេសអេស្បាញ បានអនុម័តលើការចរិកទុកនៅក្នុងច្បាប់នៃបម្រាមនាំចេញសព្វាវុធគ្រប់ប្រភេទទៅកាន់ប្រទេសអ៊ីស្រាអែល ដោយហាមឃាត់ជាអចិន្ត្រៃយ៍នូវការលក់អាវុធ បច្ចេកវិទ្យាប្រើប្រាស់បានពីរមុខព្រួញ និងឧបករណ៍យោធា ក្នុងការឆ្លើយតបទៅនឹងអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សា។

សមាជិកសភាបានបោះឆ្នោតក្នុងសំឡេង១៧៨ទល់នឹង១៦៩សំឡេង កាលពីថ្ងៃពុធ ដើម្បីផ្តល់សច្ចាប័នលើក្រឹត្យមួយដែលបានប្រកាសកាលពីខែកញ្ញាដោយនាយករដ្ឋមន្ត្រី លោក Pedro Sanchez ដែលបានលេចចេញជាអ្នករិះគន់ខ្លាំងបំផុតនៅលើឆាកពិភពលោកនៃការប្រព្រឹត្តរបស់អ៊ីស្រាអែលក្នុងរយៈពេលនៃសង្រ្គាមពីរឆ្នាំមកនេះ នៅតំបន់ហ្កាហ្សា។

សេចក្តីណែនាំនៃច្បាប់នេះមានអំណានថា «ការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារដ៏បង្ហូរឈាមប្រព្រឹត្តដោយក្រុមភេរវករហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបញ្ចប់ទៅដោយក្លាយជាការវាយប្រហារដោយមិនរើសអើងប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទីន ដែលអ្នកជំនាញភាគច្រើនបានចាត់ទុកថាជាអំពើប្រល័យពូជសាសន៍»។
រដ្ឋមន្ត្រីការពារជាតិអេស្បាញ លោកស្រី Margarita Robles បានពណ៌នាការបោះឆ្នោតនេះថាជា «ចំណាត់ការចុងក្រោយក្នុងដំណើរការដ៏វែងឆ្ងាយ» ដែលបានដំណើរការតាំងពីសង្រ្គាមចាប់ផ្តើម។