ប្រភពផ្នែកវេជ្ជសាស្ត្របាននិយាយថា មនុស្សយ៉ាងហោចណាស់១២នាក់ត្រូវបានសម្លាប់ និង១៧នាក់បានរងរបួសនៅពេលដែលកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានបាញ់ផ្លោងទៅលើមន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋ North Darfur ប្រទេសស៊ូដង់។
បណ្តាញវេជ្ជបណ្ឌិតស៊ូដង់បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា វេជ្ជបណ្ឌិតស្រីម្នាក់ និងបុគ្គលិកគិលានុបដ្ឋាយិកាម្នាក់ ស្ថិតក្នុងចំណោមអ្នករងរបួសក្នុងការវាយប្រហារលើមន្ទីរពេទ្យ el-Fasher ។
ក្រុមវេជ្ជសាស្ត្របាននិយាយថា កងកម្លាំង RSF «បានទម្លាក់គ្រាប់បែកដោយផ្ទាល់» ទៅលើអគារមន្ទីរពេទ្យ។ ក្រុមវេជ្ជសាស្ត្របានចោទប្រកាន់ថា ការវាយប្រហារនេះគឺជា «ឧក្រិដ្ឋកម្មសង្គ្រាមពេញលេញ» ហើយបានបង្ហាញពី «ការមិនយកចិត្តទុកដាក់ទាំងស្រុងចំពោះជីវិតរបស់ជនស៊ីវិល និងច្បាប់អន្តរជាតិដែលការពារមណ្ឌលថែទាំសុខភាព និងបុគ្គលិក»។
ក្រុមនេះបានឲ្យកងកម្លាំងគាំទ្ររហ័ស(RSF) «ទទួលខុសត្រូវទាំងស្រុង» សម្រាប់ការវាយប្រហារនេះ និងបានអំពាវនាវដល់សហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការវាយប្រហារលើអគារសុខាភិបាល និងលំនៅឋានជនស៊ីវិល និងដើម្បីការពារប្រព័ន្ធសុខាភិបាលដែលត្រូវបានបំផ្លិចបំផ្លាញនៅក្នុងទីក្រុងដែលត្រូវបានហ៊ុមព័ទ្ធ។