សេវាឃ្លាំមើលបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប Copernicus បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៩ តុលា) នេះថា ពិភពលោកទើបតែជួបប្រទះខែកញ្ញា ដែលក្តៅខ្លាំងបំផុតទី៣ របស់ខ្លួនក្នុងកំណត់ត្រា នៅឆ្នាំ២០២៥នេះ ខណៈសីតុណ្ហភាពជាមធ្យមរបស់ពិភពលោក នៅតែជាប់គាំងនៅជិតកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រសម្រាប់រយៈពេល ១ខែទៀត។

អង្គភាពនេះនិយាយថា ខែកញ្ញា ឆ្នាំ២០២៥ តាមពីក្រោយកំណត់ត្រាខែកញ្ញា ក្ដៅបំផុតទី១ របស់ពិភពលោកក្នុងឆ្នាំ២០២៣ និងខែកញ្ញា ក្ដៅបំផុតទី២ ដែលបានកើតឡើងកាលពីឆ្នាំ២០២៤កន្លងទៅ។
ប្រធានយុទ្ធសាស្ត្រអាកាសធាតុនៅទីភ្នាក់ងារ Copernicus បាននិយាយថា "បរិបទសីតុណ្ហភាពពិភពលោកនៅតែដដែល ដោយសីតុណ្ហភាពលើផ្ទៃដី និងផ្ទៃសមុទ្រ ដែលកើនខ្ពស់ជាប់លាប់ បានឆ្លុះបញ្ចាំងពីឥទ្ធិពលដ៏អាក្រក់ដែលកំពុងបន្តនៃការប្រមូលផ្តុំឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស"។
ខែកញ្ញា ឆ្នាំនេះ មានសីតុណ្ហភាព ១,៤៧អង្សាសេ លើសពីមធ្យមភាគឆ្នាំ១៨៥០-១៩០០ ដែលត្រូវប្រើដើម្បីកំណត់សម័យមុនឧស្សាហកម្ម ពោលគឺមុនពេលសកម្មភាពរបស់មនុស្សចាប់ផ្តើមជះឥទ្ធិពលខ្លាំងអាកាសធាតុ។ តួលេខនេះមើលទៅអាចតិចតួច ប៉ុន្តែអ្នកវិទ្យាសាស្ត្រព្រមានថា គ្រប់កម្រិតនៃការឡើងកម្ដៅខ្លាំង ធ្វើឱ្យភពផែនដីជួបអស្ថិរភាព បង្កើនហានិភ័យនៃអាកាសធាតុធ្ងន់ធ្ងរ និងបង្កមហន្តរាយអាកាសធាតុដល់មនុស្សជាតិ៕


