អាហ្វ្រិក៖ តាមទិន្នន័យបង្ហាញថា ប្រទេសប៊ូរ៉ុនឌី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសហៃទី ដែលស្ថិតនៅតំបន់អាហ្វ្រិកគឺជាប្រទេសដែលមានប្រជាជនរបស់ខ្លួន ទទួលបានការចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 តិចជាងគេបំផុតក្នុងពិភពលោក។ យោងតាមស្ថិតិដែលចងក្រងដោយគេហទំព័រ Our World in Data មានត្រឹមតែ ០.០៥% ប៉ុណ្ណោះនៃប្រជាជនប៊ុរ៉ុនឌីបានទទួលវ៉ាក់សាំងបង្ការវីរុស COVID-19 យ៉ាងហោចណាស់ ១ដូស។

នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ០.៤% នៃចំនួនប្រជាជនសរុបបានទទួលយ៉ាងហោចណាស់ ១ដូស ខណៈនៅក្នុងប្រទេសហៃទីទទួលបានអត្រាពលរដ្ឋចាក់វ៉ាក់សាំងត្រឹមតែប្រហែល ១%។ យោងតាមស្ថិតិដែលចងក្រងដោយគេហទំព័រ Our World in Data ដដែល នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបមានប្រជាជនត្រឹមតែ ៥.៥% ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការវីរុសកូរ៉ូណាពេញលេញ ។ ចំណែកនៅក្នុងបណ្ដាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ចំនួន ៧២% នៃប្រជាជនសរុបទទួលបានវ៉ាក់សាំងពេញលេញត្រឹមតែ ២ដូសប៉ុណ្ណោះ។ បណ្ដាប្រទេសមួយចំនួនដែលហ៊ុំព័ទ្ធដោយភាពរំជើបរំជួលនៃសង្គ្រាមស៊ីវិល និងជម្លោះដែលនៅតែបន្តដល់បច្ចុប្បន្ន ក៏ស្ថិតក្នុងចំណោមប្រទេសដែលបានទទួលវ៉ាក់សាំងតិចបំផុតក្នុងពិភពលោកផងដែរ ដោយសារអំពើហិង្សាបង្កការលំបាកក្នុងការដឹកជញ្ជូនវ៉ាក់សាំងចូលដល់ពលរដ្ឋទូទៅរបស់ខ្លួន។
នៅក្នុងប្រទេសយេមែន ជាទីដែលសង្គ្រាមស៊ីវិលនៅតែបន្តអូសបន្លាយចាប់តាំងពីឆ្នាំ២០១៤ មកមានមិនដល់ ២% ផងទេនៃចំនួនប្រជាជនសរុបដែលទទួលបានវ៉ាក់សាំងបង្ការវីរុស Covid-19។ ប្រទេសស៊ូដង់ ជាទីដែលមានជម្លោះជុំវិញការបែងចែកអំណាច បន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់ជាផ្លូវការកាលពីឆ្នាំ២០១៨ ក៏មានអត្រាពលរដ្ឋទទួលបានការវ៉ាក់សាំងប្រមាណតែ ២% ដែរ៕
អត្ថបទ៖ សុខមាន