រដ្ឋមន្ត្រីការបរទេសតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌាហើយ នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែតុលា) នេះ ដើម្បីបើកកិច្ចពិភាក្សានានា ក្នុងគោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងញូវដេលី ដោយនេះជាទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំនៃក្រុមជ្រុលនិយមមួយនេះ គិតចាប់តាំងពីខ្លួនបានដណ្តើមអំណាច នៅក្នុងឆ្នាំ២០២១។
ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃរបស់លោក Amir Khan Muttaqi បង្ហាញពីកិច្ចប្រឹងប្រែងរបស់ក្រុមតាលីបង់ ក្នុងការជំរុញការចូលរួមជាមួយមហាអំណាចក្នុងតំបន់ ដើម្បីនៅទីបំផុតទទួលបានការទទួលស្គាល់ខាងការទូត។

លោកគ្រោងនឹងជួបសមភាគីឥណ្ឌា លោក Subrahmanyam Jaishankar និងមន្ត្រីដទៃទៀត ដើម្បីពិភាក្សាអំពីបញ្ហានយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម X ស្វាគមន៍រដ្ឋមន្ត្រីរូបនេះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានសរសេរថា៖ «យើងទន្ទឹងរង់ចាំពិភាក្សាជាមួយគាត់ (លោក Muttaqi) ជុំវិញទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់»។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា លោក Muttaqi ក៏ត្រូវបានរំពឹងថា នឹងនិយាយជាមួយអ្នកតំណាងធុរកិច្ចឥណ្ឌា ហើយទៅទស្សនាបូជនីយដ្ឋានបុរាណនៃសេចក្ដីស្នេហា គឺប្រាសាទ Taj Mahal និងសាលាជាន់ខ្ពស់សាសនាឥស្លាមជាប្រវត្តិសាស្ត្រ។
គួរបញ្ជាក់ថា ជាប្រពៃណី ឥណ្ឌា និងអាហ្វហ្គានីស្ថាន មានទំនាក់ទំនងមិត្តភាព ប៉ុន្តែទីក្រុងញូវដេលីមិនទទួលស្គាល់ក្រុមតាលីបង់ ហើយបិទស្ថានទូតរបស់ខ្លួន នៅទីក្រុងកាប៊ុល បន្ទាប់ពីមានការដកទ័ពរបស់អាមេរិកចេញពីប្រទេសដែលបែកបាក់ដោយសង្រ្គាមមួយនេះ នៅឆ្នាំ២០២១៕
