ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែតុលា) នេះ ធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសអារ៉ាប់ និងអឺរ៉ុប សម្រាប់កិច្ចពិភាក្សា ស្តីពីការជួយដល់ប្រជាជនប៉ាឡេស្ទីន នៅពេលដែលជម្លោះនៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបញ្ចប់ ដោយនេះជាកិច្ចប្រជុំដែលកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីភាគីទាំង២ បានយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់។
នៅព្រឹកថ្ងៃនេះ អ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងឈប់បាញ់ នៅតំបន់ហ្កាហ្សា ដើម្បីរំដោះចំណាប់ថ្នូរអ៊ីស្រាអែលនៅសល់ ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ ហើយនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់សង្រ្គាម ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបានបង្កមហន្តរាយមនុស្សធម៌។
កិច្ចព្រមព្រៀងដែលត្រូវបានសម្របសម្រួល តាមរយៈការចរចាដោយប្រយោល នៅឯរមណីយដ្ឋានអេហ្ស៊ីប Sharm el-Sheikh បានកើតឡើង ២ឆ្នាំបន្ទាប់ពីមានការវាយប្រហារនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាសលើអ៊ីស្រាអែល។ ហេតុការណ៍នោះត្រូវបានបន្តដោយការវាយប្រហាររបស់អ៊ីស្រាអែលឥតឈប់ឈរលើតំបន់ហ្កាហ្សា។
កិច្ចប្រជុំ នៅទីក្រុងប៉ារីសនេះ បានប្រមូលផ្តុំអ្នកការទូតជាន់ខ្ពស់នៃរដ្ឋអារ៉ាប់សំខាន់ៗចំនួន៥ ដូចជាអេហ្ស៊ីប ហ្ស៊កដានី អារ៉ាប៊ីសាអ៊ូឌីត កាតា និងអារ៉ាប់រួម ជាមួយសមភាគីអឺរ៉ុបពីប្រទេសបារាំង អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ និងចក្រភពអង់គ្លេស។ ប្រទេសទួរគី និងសហភាពអឺរ៉ុប (EU) ក៏នឹងមានតំណាងផងដែរ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបារាំង បានឲ្យដឹងថា «កិច្ចប្រជុំនេះនឹងអនុញ្ញាតឲ្យធ្វើការ ជុំវិញការអនុវត្តផែនការ និងក្របខ័ណ្ឌសន្តិភាព សម្រាប់រយៈពេលបន្ទាប់ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរួមមួយ»។ ក្រសួងបានបន្ថែមថា កិច្ចប្រជុំនេះនឹងផ្តោតលើសន្តិសុខ អភិបាលកិច្ច និងការកសាងឡើងវិញនូវដែនដីប៉ាឡេស្ទីន បន្ទាប់ពីសង្គ្រាមចប់៕