ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសអេស្ប៉ាញ នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែតុលា) នេះ បានចេញការប្រកាសអាសន្នខ្ពស់បំផុតរបស់ខ្លួន សម្រាប់ភ្លៀងធ្លាក់ខ្លាំង នៅខេត្ត Alicante ក្នុងតំបន់ភាគខាងកើត Valencia ដែលជាកន្លែងទឹកជំនន់ដ៏អាក្រក់បំផុត បានកើតមាននៅឆ្នាំ២០២៤ ដោយបានព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ស្ថាប័នអាកាសធាតុ AEMET បានឲ្យដឹងថា ការប្រកាសអាសន្នពណ៌ក្រហម នឹងចូលជាធរមានចាប់ពីម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) ថ្ងៃទី១០ ខែតុលា នៅតំបន់ឆ្នេរមេឌីទែរ៉ាណេនៃខេត្ត Alicante ក៏ដូចជានៅក្នុងតំបន់ក្បែរខាង Murcia។ ទីភ្នាក់ងារនេះបានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «សូមប្រយ័ត្នពីការមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរខ្លាំង។ ការជន់លិច និងទឹកជំនន់គំហុកភ្លាមៗ អាចនឹងកើតមាន។ សូមអនុវត្តតាមការណែនាំនៃការការពារស៊ីវិល»។
ការិយាល័យអាកាសធាតុនេះបានបញ្ជាក់បន្ថែមថា កម្រិតទឹកភ្លៀងសរុប អាចលើសពី ១៤០មីលីម៉ែត្រ ក្នុងរយៈពេល ១២ម៉ោង ជាពិសេសនៅតំបន់ Valencia។
គួររំលឹកថា ទឹកជំនន់គ្រប់ទីកន្លែងនៅក្នុងផ្នែកមួយផ្សេងទៀតនៃតំបន់ Valencia កាលពីខែតុលា ឆ្នាំ២០២៤ បានឆក់យកមនុស្សជាង ២០០នាក់ ដែលជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតលើកដំបូងរបស់ប្រទេសអេស្ប៉ាញ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ៕