ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា ជំនួយការរបស់វិមានក្រឹមឡាំង លោក Yuri Ushakov នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែតុលា) នេះ បានលើកឡើងថា កិច្ចប្រឹងប្រែងរបស់រុស្ស៊ី និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះ នៅអ៊ុយក្រែន នៅតែដំណើរការនៅឡើយ ដោយសម្ដីនេះហាក់ដូចជាផ្ទុយនឹងការកត់សម្គាល់របស់អ្នកការទូតជាន់ខ្ពស់រុស្ស៊ី នៅមួយថ្ងៃមុននេះ។
កាលពីថ្ងៃពុធ អនុរដ្ឋមន្ត្រីការបរទេសលោក Sergei Ryabkov បាននិយាយថា សន្ទុះនៃជំនួបកំពូល កាលពីថ្ងៃទី១៥ ខែសីហា នៅទីក្រុង Anchorage រដ្ឋ Alaska រវាងប្រធានាធិបតីទាំង២ គឺលោក Vladimir Putin និងលោក Donald Trump «ដោយភាគច្រើនបានថមថយកម្លាំងហើយ» ដោយចោទប្រកាន់សម្ព័ន្ធមិត្តអ៊ឺរ៉ុបរបស់អ៊ុយក្រែនថា កំពុងព្យាយាមបំផ្លាញកិច្ចប្រឹងប្រែងសន្តិភាព។
ប៉ុន្តែលោក Ushakov ត្រូវបានដកស្រង់សម្តី ដែលបាននិយាយថា៖ «ការអះអាងថា សន្ទុះនៃជំនួបកំពូលទីក្រុង Anchorage កំពុងតែរសាត់បាត់ទៅ ឬថា សន្ទុះនេះបានថមថយកម្លាំងហើយនោះ គឺមិនត្រឹមត្រូវទាំងស្រុងទេ។ យើងបន្តធ្វើការជាមួយអាមេរិក ដោយផ្អែកលើអ្វីដែលបានព្រមព្រៀងគ្នា រវាងលោកប្រធានាធិបតីទាំង២ នៅ Anchorage»។
គួររំលឹកថា កិច្ចប្រជុំកំពូល Trump-Putin មិនបានឈានដល់ការបំបែកភាពទាល់ច្រកណាមួយឡើយ ដើម្បីបញ្ចប់សង្រ្គាមដែលបាននិងកំពុងប្រព្រឹត្តទៅអស់រយៈពេលជាង ៣ឆ្នាំកន្លះហើយ ហើយលោក Trump ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានរិះគន់លោក Putin កាន់តែខ្លាំងឡើងៗ៕