នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យចេនឡា បានរៀបចំសិក្ខាសាលាស្តីពី "យើងទាំងអស់គ្នាត្រូវតែចូលរួមលើកកម្ពស់តួនាទីរបស់យុវជនក្នុងបុព្វហេតុអភិវឌ្ឍ និងការពារជាតិ" ក្រោមវត្តមានឯកឧត្តម ជា ធីរិទ្ធ នាយរងខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ និងជាទីប្រឹក្សាជាន់ខ្ពស់នៃសាកលវិទ្យាល័យចេនឡា និងលោកបណ្ឌិត អ៊ី លីម៉ា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចេនឡា និងលោកស្រី ហែន ដាលីណែត សាកលវិទ្យធិការរងនៃសាកលវិទ្យាល័យចេនឡា រួមជាមួយនឹងសាស្រ្តចារ្យ បុគ្គលិក និងនិស្សិតជិត៣០០នាក់។
សិក្ខាសាលានេះមានគោលបំណងរួម គឺដើម្បីជម្រុញ និងលើកទឹកចិត្តដល់យុវជនឱ្យយល់កាន់តែច្បាស់បន្ថែមទៀតអំពីតួនាទីរបស់យុវជន ក្នុងកាតព្វកិច្ចការពារជាតិ។
លោកស្រី ហែន ដាលីណែត សាកលវិទ្យធិការរងនៃសាកលវិទ្យាល័យចេនឡា បានលើកឡើងនូវមតិស្វាគមន៍ និងសង្ខេបនូវសកម្មភាពផ្សេងៗរបស់និស្សិត ក៏ដូចជាយុវជននៅសាកលវិទ្យាល័យចេនឡា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសង្គមជាតិ តាំងពីបើកដំណើរការនៃសាកលវិទ្យាល័យចេនឡា ក្នុងឆ្នាំ២០០៧។ ជាពិសេសនោះ លោកស្រី ហែន ដាលីណែត បានធ្វើការសង្កត់ធ្ងន់ទៅលើសកម្មភាពដ៏អស្ចារ្យរបស់សាកលវិទ្យាល័យចេនឡា ដែលបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយ នឹងជំងឺ Covid-19 ក៏ដូចជាការចូលរួមបន្តជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ធ្វើការងារមនុស្សធម៌នានា ក៏ដូចជាសកម្មភាពចូលរួមចុះពិនិត្យព្យាបាលជំងឺជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ផងដែរ។ កាន់តែពិសេសនោះ នៅពេលថ្មីៗនេះខណៈពេលប្រទេសជាតិកំពុងរងនូវការឈ្លានពានពីប្រទេសសៀម គឺសាកលវិទ្យាល័យបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការពិនិត្យសុខភាព ជូនជនភៀសសឹក ក៏ដូចជាការចូលរួមជាថវិកា សម្ភារៈប្រើប្រាស់ និងស្បៀងអាហារជាដើម។
ជាមួយគ្នានោះដែរ លោកបណ្ឌិត អ៊ី លីម៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡា បានបកស្រាយយ៉ាងសង្ខេបនូវ ៣ចំណុចរួមមាន៖ ចំណុចទី១. ផ្តោតទៅលើតួនាទីរបស់យុវជនចំពោះសង្គម ចំពោះរាជរដ្ឋាភិបាល ចំពោះគ្រួសារ ក្នុងនោះជាពិសេសគឺតួនាទីរបស់យុវជនសម្រាប់ខ្លួនឯងផ្ទាល់តែម្តង។ ចំណុចទី២. លោកបណ្ឌិតបានបកស្រាយ និងពន្យល់យ៉ាងច្បាស់ថា “តើការរៀនសូត្រនៅសាកលវិទ្យាល័យដើម្បីអ្វី? ហើយគោលបំណងចុងក្រោយបំផុតនៃការរៀនសូត្រដើម្បីអ្វី? ជាពិសេសនោះលោកបណ្ឌិត បានបកស្រាយយ៉ាងច្បាស់លាស់ថា “តើយុវជនត្រូវធ្វើដូចម្តេច ទោះបីដឹងថាខ្លួនឯងជានរណា?” ហើយត្រូវមានសូចនាករអ្វីខ្លះ?
មុននឹងបញ្ចប់លោកបណ្ឌិត អ៊ី លីម៉ា បានលើកឡើងថា ស្ថិតក្នុងវ័យរបស់ប្អូនៗនេះមិនមែនទ្រព្យសម្បត្តិ មិនមែនសម្ភារៈនិយម គឺជាម៉ែត្រវាស់នូវភាពជោគជ័យនោះទេ ការបង្ហាញពីភាពជោគជ័យរបស់ប្អូនៗ គឺទី១. ប្អូនត្រូវដឹងថាតើរៀនដើម្បីអ្វី? ដឹងថាតើខ្លួនឯងជានរណា? នេះហើយជាភាពជោគជ័យពិតប្រាកដរបស់ប្អូនៗដែលជាយុវជនកំពុងសិក្សានៅសាកលវិទ្យាល័យចេនឡា។
នាឱកាសនោះឯកឧត្តម ជា ធីរិទ្ធ នាយរងខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ និងជាទីប្រឹក្សាជាន់ខ្ពស់នៃសាកលវិទ្យាល័យចេនឡា បានធ្វើការបកស្រាយ និងលើកឡើងអំពីដំណើរជីវិតនៃការតស៊ូកើតចេញពីកូនកសិករ រហូតបានមករៀនដល់សាកលវិទ្យាល័យ ហើយបានបន្តការសិក្សាដល់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ក៏ដូចជាបានទទួលនូវសមិទ្ធផលធំធេងជាច្រើន ទាំងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិដូចសព្វថ្ងៃនេះ។ បណ្តាចំណុចដ៏សំខាន់ៗដែល ឯកឧត្តមបានលើកឡើងនោះរួមមាន៖ ១.ប្អូនៗត្រូវចាំថា នៅពេលដែលខ្លួនយើងលំបាក នៅមានមនុស្សជាច្រើនដែលលំបាកជាងយើងទៅទៀត ដូចនេះប្អូនៗកុំមានការតូចចិត្ត ប្អូនៗត្រូវតែមានការខិតខំប្រឹងប្រែងបន្ថែម ទើបជួយឱ្យយើងមានការអភិវឌ្ឍខ្លួនបានល្អ។ ហើយទោះបីស្ថិតនៅកាលៈទេសៈណាក៏ដោយ យើងមិនត្រូវបោះបង់ការប្រឹងប្រែងនោះទេ។ ២.ប្អូនៗត្រូវចាំថា ការវិនិយោគទុនលើខ្លួនឯងទាំងចំណេះ ជំនាញ និងសុខភាពឱ្យបានជាប់ជានិច្ចគឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។ លើសពីនេះទៅទៀតនោះ ឯកឧត្តម ក៏បានលើកឡើងថា ការអភិវឌ្ឍខ្លួនឯង ប្រៀបដូចជាយើងធ្វើការថែទាំសួនច្បារអញ្ចឹង (ការដាក់ជី ជ្រួយដី ស្រោចទឹក) បានធ្វើឲ្យសួនរបស់យើងស្រស់បំព្រង ខៀវខ្ចី ពោរពេញទៅដោយផ្កាយ៉ាងស្រស់ស្អាតមានពណ៌ចម្រុះ។ ក្នុងអត្ថន័យនេះ ឯកឧត្តម ចង់មានប្រសាសន៍ថា ការដែលយើងមានការអប់រំបានល្អនោះ អត្តចរិតរបស់យើង បញ្ញាញាណរបស់យើង ការគិតរបស់យើងមានលក្ខណៈ គ្រប់ជ្រុងជ្រោយ។ ដូច្នេះអត្តចរិត ចំណេះដឹង និងសមត្ថភាព គឺជាចំណុចចាប់ផ្តើមមួយដ៏ល្អសម្រាប់យុវជនក្នុងការចាប់យកឱកាសផ្សេងៗ។ ៣.ប្អូនៗកុំចំណាយពេលវេលាខ្ជះខ្ជាយ ប្អូនៗត្រូតែយកពេលវេលាក្រោយពីការរៀនសូត្រ ត្រូវប្រឹងប្រែងរៀនបន្ថែមទៅលើជំនាញផ្សេងៗ ហើយការរៀននោះទៀតសោតគឺត្រូវរៀនមានលក្ខណៈជាប្រចាំ មានលក្ខណៈជាConsistent មានន័យថាផ្តើមចេញពីចំណុចតូចៗ ដើម្បីឱ្យក្តីស្រម៉ៃរបស់យើងអាចក្លាយទៅជាការពិត។ ក្នុងនោះដែរ ឯកឧត្តម ក៏បានលើកឡើងថា យើងមិនត្រូវប្រៀបធៀបខ្លួនយើងជាមួយអ្នកដទៃនោះទេ ព្រោះខ្លួនយើងកើតចេញមកពីស្ថានភាពគ្រួសារខុសពីអ្នកដទៃ ហើយត្រូវចាំថា “អ្នកដទៃអាចបោះបង់ចោលយើងបាន តែយើងមិនត្រូវបោះបង់ចោលខ្លួនឯងជាដាច់ខាត” ដូច្នេះហើយខ្លួនយើងត្រូវតែអភិវឌ្ឍ និងកសាងខ្លួនឯងឱ្យក្លាយជាមនុស្សពិត។
ចំណុចចុងក្រោយឯកឧត្តម បានលើកឡើងនូវស្ថានភាពនយោបាយ នៃជម្លោះព្រំដែនដែលសៀមបានបំពានមកលើកម្ពុជា។ ឯកឧត្តមបានលើកឡើងអំពីការមើលងាយរបស់ជាតិសាសន៍មួយនេះ មកលើថ្នាក់ដឹកនាំ ជនជាតិកម្ពុជា នៃយើង តួយ៉ាងដូចជា ពួកគេបានឈ្លានពានមកលើប្រទេសកម្ពុជា ប៉ុន្តែគេបែរជាទៅប្រាប់មិត្តបរទេសថាកម្ពុជាឈ្លានពានប្រទេសគេទៅវិញ។ មុននឹងបញ្ចប់ ឯកឧត្តមបានផ្តល់នូវអនុសាសន៍ដ៏មានតម្លៃមួយគឺ “យុវជនទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រ ដើម្បីកសាងសមត្ថភាពខ្លួនឯងឱ្យខ្លាំង ហើយបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈទាំងអស់”។
ជាចុងក្រោយតាងនាមឱ្យថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រង ព្រមទាំងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យចេនឡា សូមគោរពថ្លែងអំណរគុណចំពោះការលះបង់នូវពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តម ក្នុងការចូលរួមសិក្ខាសាលាដ៏មានតម្លៃនាឱកាសនេះ និងសូមគោរពជូនពរឱ្យឯកឧត្តម រួមទាំងក្រុមការងារមានសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តចូលរួមកិច្ចការងារសង្គមជាតិប្រកបដោយប្រសិទ្ធភាពជានិច្ចនិរន្តរ៍៕អត្ថបទ រដ្ឋា



















