នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ដែលជាសមាជិករាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងតំណាងក្រសួង ស្ថាប័ន ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ព្រមទាំងលោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សរុបចំនួន៨២៩រូប។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ពិធីដ៏មានសារៈសំខាន់នេះ មិនមែនត្រឹមតែជាការប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះទេ ប៉ុន្តែជាវេទិកាសម្រាប់ជំរុញការទទួលខុសត្រូវរួមគ្នាអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ស្របតាមអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីរុញច្រានការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ វិធានការគន្លឹះនិងអាទិភាពនានារបស់រាជរដ្ឋាភិបាល ឱ្យបានសម្រេចសមិទ្ធផលដូចការរំពឹងទុករបស់ប្រជាជន។
ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់និងកោតសរសើរ ជាពិសេសចំពោះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងផែនការ និងថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ, គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដៃគូអភិវឌ្ឍន៍នានា ដែលបានសហការរៀបចំ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» រហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចថា តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, កម្ពុជាបានរក្សានូវសុខ សន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់កសាងនិងអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិកម្ពុជា ហើយរាជរដ្ឋាភិបាលក្នុងនីតិកាលកន្លងមក បានដាក់ចេញនិងអនុវត្តនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល ដោយសម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចុប្បន្ន កម្ពុជាកំពុងតែប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃស្ថានភាពតំបន់និងសកល, បញ្ហាភូមិសាស្រ្តនយោបាយ, ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ក៏ដូចជាការចាប់ផ្តើមងាកមកឯកតោភាគីនិយមរបស់បណ្តាប្រទេសមួយចំនួន ដោយក្នុងនោះមានដៃគូពាណិជកម្មរបស់កម្ពុជាខ្លះផង ហើយកម្ពុជាក៏កំពុងរងសម្ពាធនៃភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដែលជំរុញឱ្យមានការរឹតបន្តឹងលើការឆ្លងកាត់ព្រំដែន ពាណិជ្ជកម្ម ការនាំចូល និងការនាំចេញ។ បន្ថែមលើនេះ ការសម្រេចដាក់ពន្ធ ១៩% របស់សហរដ្ឋអាម៉េរិកមកលើការនាំចេញរបស់កម្ពុជា បាន និងកំពុងបន្តបង្កើតភាពមិនច្បាស់លាស់លើវិស័យនាំចេញរបស់កម្ពុជា ក៏ដូចជាការទាក់ទាញការវិនិយោគថ្មីៗទៀត ទោះបីជាក្នុងពេលចំពោះមុខនេះ កម្ពុជានៅគ្រប់គ្រងស្ថានការណ៍បានល្អនៅឡើយ។ ការណ៍នេះទាមទារការដាក់ចេញនូវវិធានការគន្លឹះ ជាពិសេសការកែទម្រង់មុតស្រួចតាមវិស័យសំខាន់ៗដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ សំដៅធានាថា កម្ពុជានឹងបន្តឈរលើមាគ៌ាអភិវឌ្ឍន៍យ៉ាងរឹងមាំ និងធានាបាននូវកំណើនប្រកបដោយចីរភាព និងសមធម៌ទូលំទូលាយសម្រាប់ជាតិ និងប្រជាជន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា ទោះជាកម្ពុជាប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ក្ដី, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្ដេជ្ញាចិត្តឥតងាករេ ក្នុងការធានាឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយជាលទ្ធផល កម្ពុជាបានទទួលនូវផ្លែផ្កាមួយចំនួន ដូចជា ការបន្ដសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៤ ប្រមាណ ៦% និងរំពឹងថាបន្ដកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥% ក្នុងឆ្នាំ២០២៥, ផ.ស.ស. សម្រាប់ប្រជាជនម្នាក់បានកើនឡើងពី ២ ៥២០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ដល់ ២ ៧១៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ និងក្នុងឆ្នាំ២០២៥នេះ នឹងឡើងជិតដល់ ៣ ០០០ ដុល្លារអាម៉េរិក។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានរៀបចំ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីគាំពារសង្គមផ្សេងៗទៀត សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជាឧបករណ៍គោលនយោបាយជាតិគោលតែមួយសម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផ្តល់ការតម្រង់ទិសដល់ការរៀបចំនិងការអនុវត្តផែនការអភិវឌ្ឍន៍តាមវិស័យ សំដៅជំរុញកំណើនសេដ្ឋកិច្ច, បន្តបង្កើតការងារ, វិភាជផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយសមធម៌, ធានានូវប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ និងរក្សាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជាការកសាងមូលដ្ឋានគ្រឹះ និងភាពធន់នៃការអភិវឌ្ឍឱ្យកាន់តែរឹងមាំ សម្រាប់ការបន្តដំណើរឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕




