បណ្ដាដៃគូដ៏ជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិក គឺប្រទេសអឺរ៉ុប និងអារ៉ាប់ បានជួបប្រជុំគ្នានៅទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ (៩ តុលា) ដើម្បីរិះរកមធ្យោបាយរៀបចំអនាគតក្រោយសង្គ្រាមរបស់ដែនដីហ្កាហ្សា ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមលើបទឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ថ្នូរ ដំណាក់កាលដំបូងដែលស្នើឡើងដោយលោកប្រធានាធិបតីអាមេរិក Donald Trump ។

អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ដដែលនោះ ដើម្បីផ្អាកការប្រយុទ្ធ និងប្រគល់ចំណាប់ថ្នូរអ៊ីស្រាអែល ដោះដូរនឹងអ្នកទោសប៉ាឡេស្ទីន ប៉ុន្តែសំណួរជាច្រើននៅតែមានថា តើសន្តិភាពអាចយូរអង្វែងដែរឬទេ។
កិច្ចប្រជុំនៅទីក្រុងប៉ារីស ដែលបានប្រមូលផ្តុំរដ្ឋមន្ត្រីការបរទេសអឺរ៉ុប និងអារ៉ាប់សំខាន់ៗ ត្រូវបានគេមើលឃើញថាជាឱកាសមួយ ដើម្បីបន្ថែមព័ត៌មានលម្អិតលើបញ្ហាស្នូលដូចជា កម្លាំងស្ថេរភាពអន្តរជាតិ អភិបាលកិច្ចក្រោយសង្គ្រាមនៅហ្កាហ្សា និងការកសាងឡើងវិញជាដើម។
រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា "រដ្ឋមន្រ្តីបានពិភាក្សាលើចំណុចសំខាន់ៗដែលប្រទេសនានាមានបំណងរួមចំណែកដូចជា សន្តិសុខ អភិបាលកិច្ច ការកសាងឡើងវិញ និងជំនួយមនុស្សធម៌"។ លោកបន្តថា អង្គប្រជុំបានកំណត់វិភាគទាន និងធាតុផ្សំផ្សេងទៀត ដែលអាចធ្វើឡើងសម្រាប់តំបន់ហ្កាហ្សាក្រោយជម្លោះ ប៉ុន្តែមិនលម្អិតនោះទេ។
ក្រុមមន្ត្រីបាននិយាយថា គោលបំណងនៃជំនួបទីក្រុងប៉ារីសនេះគឺដើម្បីធ្វើការឱ្យបានឆាប់ជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីកុំឱ្យបាត់បង់ឱកាសនៃបទឈប់បាញ់ និងជំហានឆ្ពោះទៅរកសន្តិភាពយូរអង្វែង៕

