ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ (១០ តុលា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា ជំហរពិភពលោករបស់ទីក្រុងព្យុងយ៉ាង កាន់តែរឹងមាំជារៀងរាល់ថ្ងៃ នៅក្នុងព្រឹត្តិការណ៍មួយដែលមានការចូលរួមដោយប្រមុខរដ្ឋបរទេសជាច្រើនរូប ដើម្បីប្រារព្ធខួបលើកទី៨០ នៃការបង្កើតគណបក្សពលករ ដែលកំពុងកាន់អំណាច។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា លោក គីម បានលើកសរសើរដំណែលរបស់គណបក្សនេះ ដោយនិយាយថា បក្សមិនដែលប្រព្រឹត្តខុស ឬធ្វើកំហុសមួយសោះឡើយក្នុងប្រវត្តិសាស្ត្រ ៨០ឆ្នាំរបស់ខ្លួន ហើយបានដឹកនាំប្រទេសកូរ៉េខាងជើង លើផ្លូវឆ្ពោះទៅរកកំណើនប្រកបដោយប្រាជ្ញា និងកម្លាំងរបស់ប្រជាជន។
ក្នុងសុន្ទរកថានៅកីឡដ្ឋាន May Day ទីក្រុងព្យុងយ៉ាង ដែលមានការចូលរួមដោយគណៈប្រតិភូបរទេសជាន់ខ្ពស់ជាច្រើន លោក គីម បាននិយាយថា "ថ្ងៃនេះ កូរ៉េខាងជើងឈរនៅចំពោះមុខពិភពលោក ក្នុងនាមជាមនុស្សខ្លាំងពូកែ ដោយគ្មានឧបសគ្គណាដែលកូរ៉េខាងជើងមិនអាចយកឈ្នះបានទេ ហើយក៏គ្មានសមិទ្ធិផលដ៏អស្ចារ្យមួយណាដែលកូរ៉េខាងជើងមិនអាចសម្រេចបានដែរ"។
KCNA មិនបានប្រាប់ឈ្មោះភ្ញៀវដែលចូលរួមព្រឹត្តិការណ៍កាលពីថ្ងៃព្រហស្បតិ៍នោះទេ។ យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះធ្លាប់រាយការណ៍ថា នាយករដ្ឋមន្ត្រីចិន លោក Li Qiang មេដឹកនាំវៀតណាម លោក To Lam និងអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានទៅដល់ទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមពិធីបុណ្យខួបនោះ៕



