ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានស្វាគមន៍ប្រធានាធិបតីប្រទេសហ្វាំងឡង់ លោក Alexander Stubb ទៅកាន់ការិយាល័យពងក្រពើកាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបានងាកទៅរកកិច្ចពិភាក្សាអំពីសម្ព័ន្ធសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងភាពមិនចុះសម្រុងគ្នាដែលនៅបន្តរបស់លោកជាមួយសមាជិកមួយរបស់ខ្លួនគឺប្រទេសអេស្ប៉ាញ។

នៅឯកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូកាលពីខែមិថុនា ប្រទេសអេស្ប៉ាញ ជាប្រទេសដែលលេចធ្លោបំផុតក្នុងការប្រឆាំងការជំរុញរបស់លោក Trump ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិក្នុងចំណោមរដ្ឋជាសមាជិកផ្សេងទៀត។
លោក Trump បានស្វែងរកជាយូរមកហើយឲ្យសមាជិកណាតូទាំងអស់ប្តេជ្ញាផ្តល់៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេ ក្នុងការបង្កើនទ្រព្យយោធារបស់ខ្លួន។ ប៉ុន្តែប្រទេសអេស្បាញ បានជំរុញយ៉ាងជោគជ័យសម្រាប់ការលើកលែងនៅឯកិច្ចប្រជុំកាលពីខែមិថុនា ដោយអនុញ្ញាតឱ្យការចំណាយរបស់ខ្លួននៅដដែលជុំវិញការចំណាយគោលពីមុនត្រឹមតែ២ភាគរយ។

ការតតាំងនោះបានជាប់គាំងនៅក្នុងគំនិតរបស់លោក Trump នៅឯជំនួបកាលពីថ្ងៃព្រហស្បតិ៍ ខណៈលោកបានជួបពិភាក្សាអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធយោធាណាតូជាមួយ ប្រធានាធិបតីប្រទេសហ្វាំងឡង់ លោក Stubb ។ លោក Trump បាននិយាយអំពីសមាជិកណាតូថា «ដូចដែលអ្នកបានដឹងហើយថា ខ្ញុំបានស្នើឲ្យប្រទេសសមាជិកទាំងអស់បង់ប្រាក់ ៥ ភាគរយមិនមែន ២ ភាគរយទេ»។