ប្រធានតំបន់ហ្កាហ្សារបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស គឺលោក Khalil Al-Hayya បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៩ តុលា) ថា ក្រុមនេះបានទទួលការធានាពីសហរដ្ឋអាមេរិក អ្នកសម្របសម្រួលអារ៉ាប់ និងទួរគីថា សង្រ្គាមនៅតំបន់ហ្កាហ្សា បានបញ្ចប់ជាអចិន្ត្រៃយ៍ហើយ។

អ៊ីស្រាអែល និងក្រុមហាម៉ាស បានចុះកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ឈប់ការប្រយុទ្ធ និងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល-អ្នកទោសប៉ាឡេស្ទីន ក្នុងដំណាក់កាលដំបូងនៃគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបញ្ចប់សង្គ្រាមរយៈពេលពីរឆ្នាំនៅហ្កាហ្សា ដែលបានធ្វើឱ្យមជ្ឈិមបូព៌ារង្គោះរង្គើ។ លោក Trump បាននិយាយនៅសេតវិមានថា លោកជឿជាក់ថា ជំហាននេះនឹងនាំទៅរក «សន្តិភាពយូរអង្វែង»។
នៅក្រោមកិច្ចព្រមព្រៀងនោះ ការប្រយុទ្ធគ្នានឹងឈប់ អ៊ីស្រាអែលនឹងដកទ័ពដោយផ្នែកចេញពីហ្កាហ្សា ហើយក្រុមហាម៉ាសនឹងដោះលែងចំណាប់ថ្នូរ ៤៨នាក់ដែលនៅសេសសល់ ដោះដូរនឹងអ្នកទោសប៉ាឡេស្ទីនពីពន្ធនាគារអ៊ីស្រាអែល។ ក្រុមហាម៉ាស ត្រូវរំពឹងថានឹងដោះលែងចំណាប់ថ្នូរនៅរស់ទាំង ២០នាក់ ក្នុងពេល ៧២ម៉ោង បន្ទាប់ពីបទឈប់បាញ់ចាប់ផ្តើម។
លោក Hayya ប្រធានអង្គភាពហាម៉ាសនៅដែនដីហ្កាហ្សា — ដែលទើបរួចរស់ជីវិតពីការវាយប្រហាររបស់អ៊ីស្រាអែលនៅកាតា កាលពីមួយខែមុន — បាននិយាយថា អ៊ីស្រាអែល នឹងដោះលែងជនជាតិប៉ាឡេស្ទីន ២៥០នាក់ ដែលជាប់ពន្ធនាគាររយៈពេលវែងនៅអ៊ីស្រាអែល ក៏ដូចជា ១.៧០០នាក់ផ្សេងទៀត ដែលត្រូវចាប់ខ្លួន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក៕

