រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលស្តាំនិយមជ្រុល លោក Itamar Ben-Gvir បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ថា គណបក្សអំណាចជ្វីហ្វរបស់លោកនឹងជំរុញឱ្យផ្តួលរំលំរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu លុះត្រាតែក្រុមហាម៉ាសត្រូវបានបំផ្លាញនៅទីបំផុត។

លោក Ben-Gvir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ប្រសិនបើរដ្ឋាភិបាលក្រុមហាម៉ាសមិនត្រូវបានបំផ្លាញ ឬប្រសិនបើពួកគេគ្រាន់តែប្រាប់យើងថាក្រុមនេះត្រូវបានរុះរើដោយការរំសាយ ខណៈការពិតក្រុមនេះនៅតែបន្តកើតមានក្រោមការក្លែងបន្លំផ្សេងទៀត គណបក្សអំណាចជ្វីហ្វ នឹងបំផ្លាញរដ្ឋាភិបាល។

លោក Ben Gvir បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រឆាំងបទឈប់បាញ់នៅតំបន់ហ្កាហ្សាដែលគាំទ្រដោយសហរដ្ឋអាមេរិក និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស ខណៈក្រុមនេះស្នើឱ្យដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។
អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍សម្រាប់បទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ដែលជាដំណាក់កាលដំបូងនៃគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមរយៈពេលពីរឆ្នាំ។