ឥណ្ឌា បានប្រកាសថា ស៊ីរ៉ូក្អកចំនួន ៣ប្រភេទ មានសារធាតុពុល បន្ទាប់ពីក្រុមមន្រ្តីនិយាយថា កុមារយ៉ាងតិច ២១នាក់ កាលពីខែមុន ស្លាប់ដោយសារតែផឹកស៊ីរ៉ូក្អកឈ្មោះ Coldrif។ ការស្លាប់ទាំងអស់ត្រូវផ្សារភ្ជាប់ទៅនឹង Coldrif ប៉ុន្តែនិយតករឥណ្ឌា ដែលប្រទេសផលិតឱសថធំជាងគេទីបីរបស់ពិភពលោក បានស្នើឱ្យអ្នកប្រើប្រាស់ជៀសវាង ស៊ីរ៉ូក្អក Respifresh TR និងស៊ីរ៉ូក្អក ReLife ផងដែរ។

គួរឱ្យដឹងថា ពុំមានស៊ីរ៉ូណាមួយក្នុងចំណោមទាំងបីនេះ ត្រូវនាំចេញក្រៅប្រទេសទេ។ ទោះយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក WHO បានព្រមានពីហានិភ័យដែលអាចកើតមាន តាមរយៈបណ្តាញដែលមិនមានការត្រួតពិនិត្យ។

ភាគច្រើននៃកុមារ ដែលទាំងអស់មានអាយុក្រោម ៥ឆ្នាំ បានស្លាប់ក្នុងរដ្ឋ Madhya Pradesh របស់ឥណ្ឌា ក្នុងពេលមួយខែកន្លងមកនេះ បន្ទាប់ពីផឹកស៊ីរ៉ូ Coldrif ដែលមានជាតិពុលដ៏កំណាចនោះ ផលិតដោយក្រុមហ៊ុនឱសថ Sresan Pharma នៅរដ្ឋ Tamil Nadu ភាគខាងត្បូង។
ក្រសួងសុខាភិបាលឥណ្ឌា បានធ្វើតេស្តលើសំណាក ហើយបង្ហាញថា ស៊ីរ៉ូ Coldrif មានផ្ទុកសារធាតុ ឌីយ៉ែតទីលែន គ្លីកូ (DEG) ដែលជាជាតិពុលប្រើក្នុងសារធាតុរំលាយឧស្សាហកម្ម ដែលអាចបណ្តាលឱ្យស្លាប់ទោះបីជាទទួលទានក្នុងបរិមាណតិចតួចក៏ដោយ៕