របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ (ទី១០ ខែតុលា) នេះ បានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីនឹងបញ្ជូនក្រុមសង្កេតការណ៍ទៅចូលរួមតាមដានការបោះឆ្នោតដែលត្រូវបានពន្យារពេលយ៉ាងយូររបស់ប្រទេសនេះ ខណៈដែលខ្លួនប្រយុទ្ធជាមួយកងកម្លាំងឧទ្ទាមជាច្រើនដែលប្រឆាំងនឹងដំណើរការបោះឆ្នោត។
គួរបញ្ជាក់ថា សង្រ្គាមស៊ីវិលបានកើតមានឡើង នៅសហភាពមីយ៉ាន់ម៉ា ចាប់តាំងពីក្រុមយោធា បានដណ្តើមអំណាច តាមរយៈរដ្ឋប្រហារឆ្នាំ២០២១ ដោយបានចាប់មេដឹកនាំប្រជាធិបតេយ្យ គឺលោកស្រី Aung San Suu Kyi ដាក់ពន្ធនាគារ និងទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី។

យោធាបាននិយាយដោយមោទនភាពសថា ការបោះឆ្នោត ដែលគ្រោងផ្តើមជាដំណាក់កាល នៅថ្ងៃទី២៨ ខែធ្នូ គឺជាផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិ។ តែយ៉ាងណាក្ដី ក្រុមអ្នកឃ្លាំមើលកំពុងលើកឡើងផ្ទុយថា ដំណើរការនេះ គឺជាការរៀបចំ ដើម្បីធ្វើឲ្យការគ្រប់គ្រងរបស់យោធាស្របច្បាប់ ខណៈដែលវាត្រូវបានធ្វើពហិការដោយសមាជិកសភាជាច្រើននាក់ដែលត្រូវបានបណ្ដេញចេញពីតំណែង និងត្រូវបានរារាំងដោយក្រុមប្រឆាំងប្រដាប់អាវុធនៅក្នុងដែនដីដែលពួកគេគ្រប់គ្រង។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានទៅដល់រដ្ឋធានី Naypyidaw កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួបជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing។ ហើយសារព័ត៌មាន Global New Light of Myanmar ដែលគ្រប់គ្រងដោយរដ្ឋ បានចុះផ្សាយនៅថ្ងៃសុក្រនេះថា លោក Mohamad «បានប្តេជ្ញាថា នឹងបញ្ជូនក្រុមសង្កេតការណ៍ការបោះឆ្នោត នៅមីយ៉ាន់ម៉ា»។ សារព័ត៌មាននេះ បានឲ្យដឹងបន្ថែមថា ក្នុងនាមជាប្រធានប្លុកប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) ម៉ាឡេស៊ី «ធានាថា អាស៊ាននឹងសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការដ៏ល្អបំផុតជាមួយមីយ៉ាន់ម៉ា ក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន»។
ក្រសួងការបរទេសម៉ាឡេស៊ីមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយពីបណ្ដាញសារព័ត៌មាន។ តែសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ការបោះឆ្នោតដែលត្រូវបានគ្រោងទុករបស់សហភាពមីយ៉ាន់ម៉ា ក៏ដូចជាការបញ្ឈប់អរិភាព គឺស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ៕
