ប្រធានសភា លោក Jose Jeri បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេសប៉េរូ ដោយមានរយៈពេលមិនដល់មួយម៉ោងនោះឡើយ បន្ទាប់ពីសមាជិកសភា បោះឆ្នោតជាឯកច្ឆន្ទ ដើម្បីទម្លាក់អ្នកកាន់តំណែងមុន គឺលោកស្រី Dina Boluarte ដែលជាមេដឹកនាំដ៏មានប្រជាប្រិយភាពបំផុតមួយរបស់ពិភពលោក។
ការបោះឆ្នោត និងពិធីស្បថចូលកាន់តំណែង បានធ្វើឡើងភ្លាមៗ បន្ទាប់ពីពាក់កណ្ដាលអធ្រាត្រថ្ងៃសុក្រ (ទី១០ ខែតុលា) ពោលគឺត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីប្លុកនយោបាយមកពីគ្រប់មជ្ឈដ្ឋាន បានបង្ហាញជាលើកដំបូងនូវញត្តិស្នើឲ្យដកលោកស្រី Boluarte ចេញ ក្រោមហេតុផលអសមត្ថភាពខាងសីលធម៌។

លោក Jeri ដែលក្លាយជាប្រធានាធិបតីទី៧ របស់ប្រទេសប៉េរូ ចាប់តាំងពីឆ្នាំ២០១៦ បានផ្តល់សញ្ញាថា លោកនឹងចាត់វិធានការតឹងរ៉ឹង ពាក់ព័ន្ធនឹងស្ថានភាពអសន្តិសុខកើនឡើង ជាការរិះគន់ដ៏សំខាន់មួយដែលត្រូវបានយកមកដាក់បន្ទុកលើលោកស្រី Boluarte។ ដោយពាក់ខ្សែឆៀងមានរូបទង់ជាតិ លោកបានថ្លែងទៅកាន់សភាថា៖ «សត្រូវដ៏ធំមាននៅតាមដងផ្លូវ គឺក្រុមអន្ធពាល។ យើងត្រូវតែប្រកាសសង្គ្រាមប្រឆាំងនឹងឧក្រិដ្ឋកម្ម»។
គួរបញ្ជាក់ ក្រោយទទួលបានតំណែងកំពូលនេះ សមាជិកវ័យ ៣៨ឆ្នាំរបស់គណបក្សអភិរក្សនិយម Somos Peru ដែលបានក្លាយជាប្រធានសភាកាលពីខែកក្កដា បានចូលទៅក្នុងជួរនៃប្រមុខរដ្ឋវ័យក្មេងបំផុតមួយចំនួនរបស់ពិភពលោក។
ចំណែកលោកស្រី Boluarte ភ្លាមៗបន្ទាប់ពីសភាបានបោះឆ្នោតដក លោកស្រីបានថ្លែងសុន្ទរកថានៅវិមានប្រធានាធិបតីជាកន្លែងដែលលោកស្រីលើកឡើងថា សភាដែលបានធ្វើឲ្យលោកស្រីក្លាយជាប្រធានាធិបតី កាលពីចុងឆ្នាំ២០២២ ឥឡូវនេះ បានបោះឆ្នោតទម្លាក់លោកស្រី «ដោយទទួលស្គាល់ថា ចំណាត់ការនេះមានផលប៉ះពាល់ដល់ស្ថិរភាពនៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេស»៕
