យ៉ាងហោចណាស់មនុស្ស ៥នាក់ ក្នុងនោះមានកុមារ ៣នាក់ផងដែរ បានបាត់បង់ជីវិត នៅពេលដែលផ្ទះមួយខ្នង បានបាក់រលំ បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងមួយ នៅភូមិ Pagla Bhari ក្នុងទីក្រុង Ayodhya កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី៩ ខែតុលា)។ ហើយបើតាមព័ត៌មានបឋម បានឲ្យដឹងថា ការផ្ទុះនេះ ដែលទំនងជាបណ្តាលមកពីស៊ីឡាំងហ្គាស ឬចង្រ្កានមានសម្ពាធ បានកើតឡើងប្រហែលម៉ោង ៧ និង ១៥នាទីយប់ (ម៉ោងក្នុងស្រុក) ដោយបានជំរុញឲ្យមានប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ។

មន្ត្រីបានបញ្ជាក់ថា មិនមានស្លាកស្នាមនៃកាំជ្រួចភ្ញី ឬគ្រឿងផ្ទុះ ត្រូវបានប្រទះឃើញនោះឡើយ ហើយក្រុមធ្វើកោសល្យវិច្ច័យ កំពុងធ្វើការស៊ើបអង្កេត។ រដ្ឋមន្រី្តប្រចាំរដ្ឋ Uttar Pradesh លោក Yogi Adityanath បានចូលរួមរំលែកទុក្ខ និងបានបញ្ជាឲ្យមានកិច្ចប្រឹងប្រែងសង្គ្រោះ និងជួយសង្គ្រោះយ៉ាងឆាប់រហ័ស។
ការផ្ទុះនេះបានបំផ្លាញផ្ទះកម្ពស់ ២ជាន់ដែលជាកម្មសិទ្ធិរបស់លោក Ram Kumar Kasodhan ដោយបានបណ្ដាលឲ្យម្ចាស់ផ្ទះរូបនោះបាត់បង់ជីវិត រួមជាមួយកូនស្រីអាយុ ១០ឆ្នាំឈ្មោះ Ishi និងកូនប្រុសអាយុ ៧ឆ្នាំឈ្មោះ Luv និងមនុស្ស ២នាក់ទៀតដែលអត្តសញ្ញាណនៅតែមិនត្រូវបានបញ្ជាក់នៅឡើយទេ ដោយសារតែរបួសរលាកធ្ងន់ធ្ងរ។
ជាមួយគ្នានេះ មន្ត្រីនគរបាល លោក Shailendra Singh បាននិយាយថា គេបារម្ភថា មានមនុស្សច្រើននាក់ផ្សេងទៀតជាប់នៅក្នុងគំនរបាក់បែករបស់ផ្ទះនោះ។ ចៅក្រមប្រចាំតំបន់ បាននិយាយថា ទីតាំងនេះត្រូវបានស៊ើបអង្កេតយ៉ាងម៉ត់ចត់ ដោយមិនបានរកឃើញភស្តុតាងមានផាវ ឬសារធាតុផ្ទុះខុសច្បាប់ឡើយ៕

