នៅថ្ងៃសុក្រនេះ ចិននិយាយថា ខ្លួននឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិស្របច្បាប់របស់សហគ្រាស និងពលរដ្ឋចិន ជាការឆ្លើយតបនឹងទណ្ឌកម្មសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងអ៊ីរ៉ង់ដែលមានគោលដៅលើរោងចក្រចម្រាញ់ប្រេងចិន ។
លោក Guo Jiakun គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនសូមជំរុញសហរដ្ឋអាមេរិកឲ្យបញ្ឈប់ការងាកទៅរកទណ្ឌកម្មបែបនេះ ហើយចិននឹងការពារសន្តិសុខថាមពលរបស់ខ្លួន ។

លោកនិយាយថា ចិនបានប្រឆាំងយ៉ាងដាច់អហង្ការចំពោះទណ្ឌកម្មឯកតោភាគីខុសច្បាប់ដែលខ្វះខាតមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) ។
សូមបញ្ជាក់ថា ទណ្ឌកម្មនេះ ត្រូវបានដាក់លើបុគ្គល អង្គភាព និងនាវាប្រហែលចំនួន ១០០ រួមទាំងរោងចក្រចម្រាញ់ប្រេងឯករាជ្យ និងចំណតកំពង់ផែរបស់ចិន ដែលជួយពាណិជ្ជកម្មប្រេង និងគីមីឥន្ធនៈអ៊ីរ៉ង់ ៕
