នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថ្លែងអំណរគុណប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Steve Witkoff និងលោក Jared Kushner អំឡុងជំនួបរដ្ឋាភិបាលនៅទីក្រុងហ្សេរុយសាឡឹម ដើម្បីបោះឆ្នោតលើកិច្ចព្រមព្រៀងហ្កាហ្សារៀបចំឡើងដោយសហរដ្ឋអាមេរិក ដើម្បីដោះលែងចំណាប់ថ្នូរ និងបញ្ចប់សង្រ្គាមនៅដែនដីប៉ាឡេស្ទីនមួយនេះ ។
លោក Kushner និងលោក Witkoff បានកោតសរសើរផងដែរចំពោះវិធីសាស្រ្តរបស់លោក Netanyahu សម្រាប់កិច្ចចរចា ។

អ៊ីស្រាអែល និងក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរជាការដោះដូរអ្នកទោសប៉ាឡេស្ទីន ក្នុងដំណាក់កាលដំបូងនៃគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ២ឆ្នាំនៅតំបន់ហ្កាហ្សា ដែលបានធ្វើឲ្យក្រឡាប់ចាក់តំបន់មជ្ឈិមបូព៌ា ។
ខណៈពេលនោះដែរ លោក Netanyahu បានចាត់ទុកកិច្ចព្រមព្រៀងនេះថា ជាភាពជោគជ័យផ្នែកការទូត និងជាជ័យជំនះជាតិ និងសីលធម៌សម្រាប់រដ្ឋអ៊ីស្រាអែល ។
សូមបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមហាម៉ាសលើតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់ ទៅកាន់ដែនដីហ្កាហ្សា ។
ដោយឡែក ការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែល រយៈពេល ២ឆ្នាំប្រឆាំងក្រុមហាម៉ាស បានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាស្ទើទាំងស្រុង បណ្តាលឲ្យមានគ្រោះទុរ្ភិក្ស និងបានសម្លាប់ជនប៉ាឡេស្ទីនជាង ៦៧.០០០នាក់ ៕
