នៅថ្ងៃសុក្រនេះ ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅភាគកណ្តាលតំបន់ហ្កាហ្សា បានស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងបានបង្ហាញក្តីសង្ឃឹមថា នៅទីបញ្ចប់ពួកគេអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញហើយ ។
លោក Mahdi Saqla គឺជាជនប៉ាឡេស្ទីនវ័យ ៤០ឆ្នាំមួយរូបនិយាយថា ជាការពិតណាស់ថា លែងមានផ្ទះទៀតហើយ វាត្រូវបានបំផ្លិចបំផ្លាញគ្មានសេសសល់ ប៉ុន្តែពួកយើងសប្បាយចិត្តក្នុងការវិលត្រឡប់ទៅកាន់ទីកន្លែងដែលជាផ្ទះរបស់ពួកយើងវិញ បើទោះបីវាជាគំនរបាក់បែកក៏ដោយ ។
រដ្ឋាភិបាលអ៊ីស្រាអែល បានផ្តល់សច្ចាប័នបទឈប់បាញ់ជាមួយក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស ជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការផ្អាកអរិភាពនៅតំបន់ហ្កាហ្សា ក្នុងរយៈពេល ២៤ម៉ោងទៀត ហើយនិងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលដែលជាប់ខ្លួននៅទីនោះ ក្នុងរយៈពេល ៧២ម៉ោងក្រោយ ។

កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសឲ្យដឹងដោយក្រុមអ្នកសម្របសម្រួលកាលពីថ្ងៃព្រហស្បតិ៍ ហើយពួកគេបានអំពាវនាវឲ្យមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលជាការដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីន ហើយនិងចាប់ផ្តើមការដកទាហានអ៊ីស្រាអែលតាមដំណាក់កាលចេញពីតំបន់ហ្កាហ្សា ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ២ឆ្នាំនៅតំបន់ហ្កាហ្សា ។
ពលរដ្ឋអ៊ីស្រាអែល និងជនប៉ាឡេស្ទីន សប្បាយរីករាយដូចគ្នា ក្រោយកិច្ចព្រមព្រៀងមួយនេះ ត្រូវបានប្រកាស គឺជាជំហានដ៏ធំបំផុតមួយក្នុងការបញ្ចប់សង្រ្គាមរយៈពេល ២ឆ្នាំដែលបានសម្លាប់ជនប៉ាឡេស្ទីនជាង ៦៧.០០០នាក់ ហើយនិងការវិលត្រឡប់មកវិញចំណាប់ថ្នូរដែលចាប់ដោយក្រុមហាម៉ាស អំឡុងការវាយប្រហាររបស់ពួកគេលើតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ ២០២៣ ៕
