ពលរដ្ឋរស់នៅតាមតំបន់ឆ្នេរនៅខេត្តភាគខាងជើង Sulawesi ប្រទេសឥណ្ឌូនេស៊ី បានត្រៀមខ្លួន ក្រោយការព្រមានពីរលកស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ បានអង្រួនជិតតំបន់ឆ្នេរភាគខាងត្បូងហ្វីលីពីននាព្រឹកថ្ងៃសុក្រនេះ ។

ក្រុមប្រជានេសាទនៅតំបន់ឆ្នេរទីក្រុង Bitung នាំគ្នាជញ្ជូនបាវត្រីឡើងដីគោក ខណៈពេលដែលក្មេងៗត្រូវបានគេមើលឃើញកំពុងលេងនៅលើឆ្នេរ ពេលដែលទឹកសមុទ្រស្រក ។
ការព្រមានពីរលកយក្សស៊ូណាមិ ត្រូវបានចេញនៅឥណ្ឌូនេស៊ី សម្រាប់ខេត្តភាគខាងជើង Sulawesi និងតំបន់ប៉ាពួ ហើយមន្ទីរព្រមានរលកស៊ូណាមិប៉ាស៊ីហ្វិក និយាយថា តំបន់ឆ្នេរមួយចំនួននៅឥណ្ឌូនេស៊ី និងកោះប៉ាស៊ីហ្វិកប៉ាពួ អាចនឹងមើលឃើញរលកសមុទ្រកម្ពស់ ១ម៉ែត្រ ។
ខណៈពេលនោះដែរ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានព្រមានពីការខូចខាត និងរលករញ្ជួយពីការរញ្ជួយដីដ៏ខ្លាំងក្លានេះ ដែលបានវាយប្រហារដែនទឹកនៅជិតទីក្រុង Manay ស្ថិតក្នុងតំបន់ Mindanao ៕
