ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែតុលា) បានលើកឡើងថា សម្ព័ន្ធភាពណាតូ (NATO) គួរតែពិចារណាលុបសមាជិកភាពរបស់អេស្ប៉ាញ ដោយសារជម្លោះ ជុំវិញការចំណាយលើវិស័យយោធាមិនគ្រប់គ្រាន់របស់ប្រទេសអឺរ៉ុបខាងលិចមួយនេះ។
សមាជិកនៃសម្ព័ន្ធសន្តិសុខដែលគាំទ្រដោយសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាកាលពីខែមិថុនា ក្នុងការបង្កើនការចំណាយយោធាយ៉ាងខ្ពស់ដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដោយផ្តល់នូវអាទិភាពចម្បងមួយ ដោយបំពេញតាមគោលដៅធំចម្បងរបស់លោក Trump ដែលចង់ឲ្យបណ្ដាប្រទេសអឺរ៉ុបចំណាយកាន់តែច្រើនលើការការពារផ្ទាល់ខ្លួនរបស់ពួកគេ។
ប៉ុន្តែនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយនៅពេលនោះថា លោកនឹងមិនប្តេជ្ញាចំពោះគោលដៅចំណាយ ៥ភាគរយនេះទេ ដោយចាត់ទុកថា «មិនស៊ីចង្វាក់គ្នា រវាងស្ថានភាពសុខុមាលភាពរបស់ប្រទេស និងចក្ខុវិស័យពិភពលោក»។

នៅឯកិច្ចប្រជុំ ក្នុងការិយាល័យប្រធានាធិបតី Oval Office ជាមួយមេដឹកនាំនៃសមាជិកថ្មីបំផុតទី២ របស់អង្គការណាតូ គឺលោកប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb លោក Trump បាននិយាយថា មេដឹកនាំអឺរ៉ុប ចាំបាច់ត្រូវដាក់សម្ពាធលើអេស្ប៉ាញ ដើម្បីជំរុញឲ្យមានការប្តេជ្ញាចិត្តរបស់ប្រទេសនេះ ចំពោះសម្ព័ន្ធភាព។
លោក Trump បានប្រាប់ថា៖ «អ្នកនឹងត្រូវចាប់ផ្តើមនិយាយទៅកាន់អេស្ប៉ាញ។ អ្នកត្រូវហៅពួកគេ ហើយស្វែងរកថា តើហេតុអ្វីបានជាពួកគេមិនព្រមចំណាយគ្រប់គ្រាន់»។ លោកបានបន្ថែមថា៖ «ពួកគេគ្មានលេសអ្វី ដើម្បីធ្វើបែបនេះទេ ប៉ុន្តែមិនអីទេ និយាយដោយស្មោះត្រង់ ប្រហែលជាអ្នកគួរតែដកចេញពីអង្គការណាតូហើយមើលទៅ»។
ប្រភពមួយពីរដ្ឋាភិបាល បានឲ្យដឹងថា អេស្ប៉ាញញបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសម្ព័ន្ធភាព និងបានអំពាវនាវឲ្យមានការអត់ធ្មត់បន្តិច ដោយបន្ថែមថា ប្រទេសគឺជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូ ហើយនិងបំពេញតាមគោលដៅសមត្ថភាព ដូចសហរដ្ឋអាមេរិកបានធ្វើ៕

